7 ដូច្នេះ ហ៊ូសាយក៏ទូលឆ្លើយថា សេចក្តីប្រឹក្សាដែលអ័ហ៊ីថូផែលបានទូលម្តងនេះ មិនល្អទេ
8 ដ្បិតទ្រង់ជ្រាបថា ព្រះបិតា និងពួកអ្នកដែលនៅជាមួយ សុទ្ធតែជាមនុស្សខ្លាំងពូកែ ហើយមានចិត្តក្តៅក្រហាយ ដូចជាខ្លាឃ្មុំញីនៅវាលដែលត្រូវព្រាត់ពីកូន មួយទៀតព្រះបិតាទ្រង់ជាមនុស្សថ្នឹកចំបាំងផង ទ្រង់មិនផ្ទំនៅជាមួយនឹងពួកពលទេ
9 ពេលថ្មើរនេះ មុខជាទ្រង់ពួននៅក្នុងរណ្តៅណាមួយ ឬនៅកន្លែងណាទៀតមិនខាន ដូច្នេះ កាលណាចាប់តាំងច្បាំងគ្នា ហើយមានពួកយើងខ្លះដួលស្លាប់ នោះអ្នកណាដែលឮ គេនឹងផ្សាយប្រាប់ថា មានពួកខាងអាប់សាឡំមស្លាប់សន្ធឹកហើយ
10 យ៉ាងនោះ ទោះទាំងមនុស្សក្លាហាន ដែលមានចិត្តដូចជាសិង្ហ គេនឹងគ្រាកចិត្តដែរ ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាដឹងថា ព្រះបិតាទ្រង់ និងពួកដែលនៅជាមួយ សុទ្ធតែជាមនុស្សក្លាហានណាស់
11 ឯទូលបង្គំ សូមថ្វាយសេចក្តីដូច្នេះថា គួរឲ្យប្រមូលពួកសាសន៍អ៊ីស្រាអែលទាំងអស់មកឯទ្រង់ ចាប់តាំងពីក្រុងដាន់ រហូតទៅដល់បៀរ-សេបា ដូចជាខ្សាច់នៅមាត់សមុទ្រ រួចយាងទៅច្បាំងដោយព្រះអង្គទ្រង់វិញ
12 យ៉ាងនោះ យើងខ្ញុំរាល់គ្នានឹងទៅទាន់ព្រះបិតាទ្រង់ នៅកន្លែងណាដែលរកឃើញ ហើយនឹងស្ទុះទៅលើ ដូចជាទឹកសន្សើមធ្លាក់មកលើដីតែម្តង ឥតទុកឲ្យអ្នកណាមួយនៅសល់ឡើយ ទោះទាំងព្រះបិតា និងពួកដែលនៅជាមួយផង
13 ឬបើបានចូលទៅជ្រកក្នុងទីក្រុងណា នោះពួកអ៊ីស្រាអែលទាំងអស់ និងយកពួរ ទៅទាញអូសទីក្រុងនោះទំលាក់ចុះក្នុងទន្លេ ដរាបដល់រកថ្ម១យ៉ាងតូច នៅទីនោះមិនឃើញផង