14 យ៉ូអាប់ឆ្លើយថា មិនគួរឲ្យអញនៅបង្ខាតពេលជាមួយនឹងឯងដូច្នេះទេ រួចលោកចាប់យកដែកពួយ៣ កាន់នៅដៃទៅពួយទំលុះត្រង់បេះដូងអាប់សាឡំម ក្នុងកាលដែលកំពុងនៅរស់ ជាប់នៅនឹងដើមម៉ៃសាក់នៅឡើយ
15 ឯមនុស្សកំឡោះ១០នាក់ ដែលកាន់គ្រឿងរបស់យ៉ូអាប់ ក៏ចោមរោមវាយសំឡាប់អាប់សាឡំមទៅ។
16 រួចហើយ យ៉ូអាប់ផ្លុំត្រែឡើង នោះពួកទ័ពក៏វិលត្រឡប់ពីដេញតាមពួកអ៊ីស្រាអែលមកវិញ ដ្បិតលោកប្រណីដល់គេ
17 គេយកសពរបស់អាប់សាឡំម ទៅបោះចោលក្នុងរណ្តៅធំ នៅកណ្តាលព្រៃ រួចបង្គរថ្មពីលើជាគំនរយ៉ាងធំ ឯពួកអ៊ីស្រាអែលទាំងអស់ គេរត់ទៅឯទីលំនៅរបស់គេរៀងខ្លួនទៅ
18 រីឯនៅគ្រាដែលអាប់សាឡំមគង់ព្រះជន្មនៅឡើយ នោះទ្រង់ធ្វើបង្គោលថ្ម១ ទុកនៅច្រកភ្នំនៃហ្លួងសំរាប់ជាទីរំឭក ដោយនឹកថា អញគ្មានកូនប្រុស ដើម្បីនឹងបន្តឈ្មោះអញទេ ទ្រង់ក៏ដាក់ឈ្មោះថ្មនោះតាមនាមរបស់ទ្រង់ គេក៏ហៅថ្មនោះថា «ថ្មអាប់សាឡំម» ដរាបដល់សព្វថ្ងៃនេះ។
19 គ្រានោះអ័ហ៊ីម៉ាស កូនសាដុក មានវាចាថា សូមអនុញ្ញាតឲ្យខ្ញុំនាំដំណឹង រត់ទៅទូលស្តេច ពីដំណើរដែលព្រះយេហូវ៉ាបានសងសឹកនឹងខ្មាំងសត្រូវទ្រង់ហើយ
20 តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ