២ សាំយូអែល 18:24-30 KHOV

24 ឯ​ដាវីឌ ទ្រង់​គង់​នៅ​ត្រង់​រវាង​ទ្វារ​ទាំង​២ អ្នក​ចាំ​យាម​ក៏​ឡើង​ទៅ​លើ​ខ្លោង‌ទ្វារ​កំផែង រួច​ងើប​ភ្នែក​ឡើង​មើល​ទៅ ឃើញ​មនុស្ស​ម្នាក់​កំពុង​តែ​រត់​មក

25 អ្នក​ចាំ​យាម​ក៏​ស្រែក​ទូល​ដល់​ស្តេច ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បើ​វា​មក​តែ​ឯង នោះ​គឺ​វា​នាំ​ដំណឹង​មក​ហើយ អ្នក​នោះ​មក​កាន់​តែ​ជិត​ដល់

26 រួច​អ្នក​ចាំ​យាម​ឃើញ​ម្នាក់​ទៀត​កំពុង​តែ​រត់​មក ក៏​ស្រែក​ប្រាប់​ទៅ​អ្នក​ឆ្មាំ​ទ្វារ​ថា មើល​ន៏ មាន​ម្នាក់​ទៀត​រត់​មក​ដែរ ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នោះ​ក៏​នាំ​ដំណឹង​មក​ដែរ

27 អ្នក​ចាំ​យាម​ទូល​ថា ទូល‌បង្គំ​ស្មាន​ថា អ្នក​ដែល​រត់​មក​មុន នោះ​មាន​ភាព​រត់​ដូច​ជា​អ័ហ៊ីម៉ាស កូន​សាដុក ស្តេច​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​នោះ​ជា​មនុស្ស​ល្អ ក៏​នាំ​ដំណឹង​ល្អ​មក។

28 គ្រា​នោះ អ័ហ៊ីម៉ាស​ស្រែក​ទូល​មក​ស្តេច​ថា មាន​សុខ​ហើយ រួច​គាត់​ក្រាប​ផ្កាប់​មុខ​ដល់​ដី នៅ​ចំពោះ​ស្តេច ទូល​ថា សូម​ក្រាប​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ព្រះ‌ករុណា ដោយ​ទ្រង់​បាន​ប្រគល់​ពួក​អ្នក​ដែល​លើក​ដៃ​ទាស់ និង​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ មក​ហើយ

29 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង សុខ​សប្បាយ​ទេ​ឬ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បំរើ​នៃ​ព្រះ‌ករុណា​មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ

30 ដូច្នេះ ស្តេច​ប្រាប់​ថា ចូរ​ឯង​បែរ​ទៅ ឈរ​ខាង​នោះ​សិន គាត់​ក៏​បែរ​ទៅ ឈរ​ស្ងៀម​នៅ​ទី​នោះ។