២ សាំយូអែល 18:9-15 KHOV

9 រីឯ​អាប់‌សា‌ឡំម ទ្រង់​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ដែល​សាង‌ញ៉ាង នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ពី​ដី​ឡើង ឯ​លា​កាត់​ដែល​ទ្រង់​គង់​ក៏​ដើរ​បង្ហួស​ទៅ

10 ខណៈ​នោះ មាន​មនុស្ស​ម្នាក់​បាន​ឃើញ ក៏​ទៅ​ជំរាប​ដល់​យ៉ូអាប់​ថា ន៏ ខ្ញុំ​បាន​ឃើញ​អាប់‌សា‌ឡំម ព្យួរ​នៅ​លើ​ដើម​ម៉ៃសាក់​មួយ

11 ឯ​យ៉ូអាប់​ក៏​បន្ទោស​ដល់​អ្នក​ដែល​ប្រាប់​ដំណឹង​នោះ​ថា បើ​ឯង​បាន​ឃើញ​ហើយ ម្តេច​ក៏​មិន​បាន​វាយ​សំឡាប់​នៅ​ទី​នោះ​ភ្លាម​ទៅ នោះ​អញ​នឹង​បាន​ឲ្យ​ប្រាក់​១០​ដួង និង​ខ្សែ​ក្រវាត់​១​ដល់​ឯង

12 តែ​អ្នក​នោះ​ឆ្លើយ​តប​ថា បើ​ទុក​ជា​បាន​ប្រាក់​១​ពាន់​មក​ដៃ​ខ្ញុំ គង់​តែ​ខ្ញុំ​ក៏​មិន​ព្រម​លូក​ដៃ​ទៅ​ទាស់​នឹង​ព្រះ‌រាជ​បុត្រា​នៃ​ស្តេច​ដែរ ដ្បិត​យើង​ខ្ញុំ​បាន​ឮ​ព្រះ‌បន្ទូល​ដែល​ទ្រង់​បាន​ផ្តាំ​ដល់​លោក និង​អ័ប៊ី‌សាយ ហើយ​អ៊ីត‌តាយ​ថា ចូរ​ប្រយ័ត្ន កុំ​ឲ្យ​អ្នក​ណា​ពាល់​អាប់‌សា‌ឡំម ជា​កូន​មាន​វ័យ​ក្មេង​នោះ​ឡើយ

13 បើ​សិន​ជា​ខ្ញុំ​បាន​ក្បត់​ចំពោះ​ព្រះ‌ជន្ម​ព្រះ‌រាជ​បុត្រ​នោះ​វិញ គ្មាន​អ្វី​លាក់​កំបាំង​នឹង​ស្តេច​ឡើយ សូម្បី​តែ​លោក​ក៏​នឹង​លើក ទាស់​នឹង​ខ្ញុំ​ដែរ

14 យ៉ូអាប់​ឆ្លើយ​ថា មិន​គួរ​ឲ្យ​អញ​នៅ​បង្ខាត​ពេល​ជា​មួយ​នឹង​ឯង​ដូច្នេះ​ទេ រួច​លោក​ចាប់​យក​ដែក​ពួយ​៣ កាន់​នៅ​ដៃ​ទៅ​ពួយ​ទំលុះ​ត្រង់​បេះ‌ដូង​អាប់‌សា‌ឡំម ក្នុង​កាល​ដែល​កំពុង​នៅ​រស់ ជាប់​នៅ​នឹង​ដើម​ម៉ៃសាក់​នៅ​ឡើយ

15 ឯ​មនុស្ស​កំឡោះ​១០​នាក់ ដែល​កាន់​គ្រឿង​របស់​យ៉ូអាប់ ក៏​ចោម‌រោម​វាយ​សំឡាប់​អាប់‌សា‌ឡំម​ទៅ។