10 ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
11 ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងអ័បៀថើរដ៏ជាសង្ឃ ដោយព្រះបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទ ដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ
12 អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ
13 មួយទៀតត្រូវប្រាប់ដល់អ័ម៉ាសាថា តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬអី បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួយយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង
14 យ៉ាងនោះទ្រង់បានបំពត់ចិត្តរបស់ពួកយូដាទាំងអស់ ឲ្យព្រមព្រៀងគ្នាដូចជាមនុស្សតែម្នាក់វិញ ដល់ម៉្លេះបានជាគេចាត់ទៅឯស្តេចទូលថា សូមព្រះករុណាទ្រង់យាងត្រឡប់មក ព្រមទាំងពួកទ្រង់ផង
15 ដូច្នេះ ស្តេចក៏យាងត្រឡប់ទៅវិញ បានដល់ត្រឹមទន្លេយ័រដាន់ ឯពួកយូដាគេទៅដល់ក្រុងគីលកាល ដើម្បីនឹងទៅទទួលស្តេច ហើយចម្លងទ្រង់ពីទន្លេយ័រដាន់មក។
16 រីឯស៊ីម៉ាយ ជាកូនកេរ៉ា ក្នុងពូជអំបូរបេនយ៉ាមីន ដែលនៅភូមិបាហ៊ូរីម ក៏ប្រញាប់ចុះមកទទួលស្តេចដាវីឌជាមួយនឹងពួកយូដាដែរ