២ សាំយូអែល 19:13-19 KHOV

13 មួយ​ទៀត​ត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង

14 យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង

15 ដូច្នេះ ស្តេច​ក៏​យាង​ត្រឡប់​ទៅ​វិញ បាន​ដល់​ត្រឹម​ទន្លេ​យ័រដាន់ ឯ​ពួក​យូដា​គេ​ទៅ​ដល់​ក្រុង​គីល‌កាល ដើម្បី​នឹង​ទៅ​ទទួល​ស្តេច ហើយ​ចម្លង​ទ្រង់​ពី​ទន្លេ​យ័រដាន់​មក។

16 រីឯ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក្នុង​ពូជ​អំបូរ​បេន‌យ៉ា‌មីន ដែល​នៅ​ភូមិ​បាហ៊ូរីម ក៏​ប្រញាប់​ចុះ​មក​ទទួល​ស្តេច​ដាវីឌ​ជា​មួយ​នឹង​ពួក​យូដា​ដែរ

17 មាន​ទាំង​ពួក​បេន‌យ៉ា‌មីន​១​ពាន់​នាក់ ហើយ​ស៊ីបា ជា​អ្នក​បំរើ​របស់​ព្រះ‌វង្ស​នៃ​សូល និង​កូន​ទាំង​១៥​នាក់ ព្រម​ទាំង​បាវ​បំរើ​គាត់​ទាំង​២០​នាក់ មក​ជា​មួយ​ផង គេ​នាំ​គ្នា​ឆ្លង​ទន្លេ​យ័រដាន់​ទៅ នៅ​ចំពោះ​ស្តេច

18 ក៏​មាន​ទូក​១​ឆ្លង​ទៅ​សំរាប់​នឹង​ទទួល​ចម្លង​ពួក​រាជ‌វង្ស​ស្តេច​មក ហើយ​នឹង​ធ្វើ​តាម​ព្រះ‌ទ័យ​ទ្រង់ នៅ​គ្រា​ដែល​ស្តេច​រៀប​ឆ្លង​ទន្លេ​យ័រដាន់​មក នោះ​ស៊ីម៉ាយ ជា​កូន​កេរ៉ា ក៏​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ទូល​ថា

19 បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្តី​អាក្រក់ ដែល​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ