២ សាំយូអែល 19:19-25 KHOV

19 បពិត្រ​ព្រះ‌អម្ចាស់ សូម​កុំ​ប្រកាន់​ទោស​ទូល‌បង្គំ​ឡើយ សូម​កុំ​រឭក​ដល់​សេចក្តី​អាក្រក់ ដែល​ទូល‌បង្គំ​ជា​បាវ​បំរើ​ទ្រង់ បាន​ប្រព្រឹត្ត​ដោយ​ល្មើស នៅ​ថ្ងៃ​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ បាន​យាង​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ទៅ​នោះ ឬ​យក​ព្រះ‌ទ័យ​ទុក​ដាក់​ឲ្យ​សោះ

20 ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់​យល់​ឃើញ​ថា បាន​ធ្វើ​អាក្រក់​ហើយ ហេតុ​នោះ​បាន​ជា​ទូល‌បង្គំ​មក​ដល់ នៅ​ថ្ងៃ​នេះ មុន​ជាង​បណ្តា​វង្សា‌នុវង្ស​នៃ​យ៉ូសែប​ទៅ​ទៀត ដើម្បី​នឹង​ចុះ​មក​ទទួល​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ

21 តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ចាប់​ពាក្យ​ទូល​ថា តើ​មិន​ត្រូវ​សំឡាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ​អី

22 ប៉ុន្តែ ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ

23 រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​នឹង​ស៊ីម៉ាយ​ថា ឯង​មិន​ត្រូវ​ស្លាប់​ទេ។

24 ចំណែក​មភីបូសែត ជា​ព្រះ‌វង្ស​សូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក‌ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្តេច​ទ្រង់​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត

25 រីឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​គាល់​ស្តេច នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង