២ សាំយូអែល 19:21-27 KHOV

21 តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា ចាប់​ពាក្យ​ទូល​ថា តើ​មិន​ត្រូវ​សំឡាប់​ស៊ីម៉ាយ ដោយ​ព្រោះ​បាន​ជេរ​ប្រមាថ ដល់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​បាន​ចាក់​ប្រេង​តាំង​ឲ្យ​ទេ​ឬ​អី

22 ប៉ុន្តែ ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា ឱ​កូន​សេរូយ៉ា​រាល់​គ្នា​អើយ តើ​យើង​ត្រូវ​ការ​អ្វី​នឹង​ឯង បាន​ជា​ឯង​មក​ធ្វើ​ជា​អ្នក​ទាស់​ទទឹង​នឹង​យើង​នៅ​ថ្ងៃ​នេះ​ដូច្នេះ តើ​ត្រូវ​សំឡាប់​មនុស្ស​ក្នុង​ពួក​អ៊ីស្រា‌អែល​នៅ​ថ្ងៃ​នេះ​ឬ​អី ដ្បិត​តើ​យើង​មិន​ដឹង​ទេ​ឬ​អី​ថា នៅ​ថ្ងៃ​នេះ យើង​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​វិញ​ហើយ

23 រួច​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ស្បថ​នឹង​ស៊ីម៉ាយ​ថា ឯង​មិន​ត្រូវ​ស្លាប់​ទេ។

24 ចំណែក​មភីបូសែត ជា​ព្រះ‌វង្ស​សូល លោក​ក៏​ចុះ​ទៅ​ទទួល​ស្តេច​ដែរ លោក​មិន​បាន​មើល​ជំងឺ​ជើង ឬ​កាត់​ពុក‌ចង្កា ឬ​គក់​បោក​ខោ​អាវ​ឡើយ តាំង​តែ​ពី​ថ្ងៃ​ដែល​ស្តេច​ទ្រង់​ចាក​ចេញ​ទៅ ដរាប​ដល់​ថ្ងៃ​ដែល​ទ្រង់​យាង​មក​វិញ​ដោយ​សុខ‌សាន្ត

25 រីឯ​កាល​លោក​បាន​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ដើម្បី​នឹង​គាល់​ស្តេច នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា មភីបូសែត​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ទៅ​ជា​មួយ​នឹង​យើង

26 លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន​ជើង

27 តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បំរើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សំរេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ