២ សាំយូអែល 19:26-32 KHOV

26 លោក​ក្រាប​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ​អើយ បាវ​ទូល‌បង្គំ​បាន​បញ្ឆោត​ទូល‌បង្គំ ដ្បិត​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​សំរេច​ថា នឹង​ចង​កែប​លា​ជិះ​ទៅ​ជា​មួយ​នឹង​ព្រះ‌ករុណា​ដែរ ពី​ព្រោះ​ទូល‌បង្គំ​ជា​មនុស្ស​ខ្វិន​ជើង

27 តែ​វា​បាន​ទូល​បង្កាច់​ទូល‌បង្គំ ជា​បាវ​បំរើ នៅ​ចំពោះ​ទ្រង់​វិញ ឯ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដូច្នេះ សូម​ទ្រង់​សំរេច​តាម​តែ​ព្រះ‌ហឫ‌ទ័យ​ចុះ

28 ដ្បិត​ព្រះ‌វង្ស​នៃ​បិតា​ទូល‌បង្គំ បាន​ដូច​ជា​មនុស្ស​ស្លាប់​ហើយ នៅ​ចំពោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ ប៉ុន្តែ ទ្រង់​បាន​ប្រោស​ដំរូវ​ឲ្យ​ទូល‌បង្គំ ជា​បាវ​បំរើ​នៃ​ទ្រង់ បាន​នៅ​ក្នុង​ពួក​នាក់​ដែល​បរិភោគ នៅ​តុ​របស់​ទ្រង់ ដូច្នេះ តើ​ទូល‌បង្គំ​នៅ​មាន​ច្បាប់​អ្វី និង​ស្រែក​រក​ព្រះ‌ករុណា​ទៀត

29 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា អ្នក​នៅ​និយាយ​ពី​រឿង​អ្នក​ទៀត​ធ្វើ​អី យើង​សំរេច​ថា ចូរ​ឲ្យ​អ្នក និង​ស៊ីបា​បែង‌ចែក​ស្រែ​ចំការ​គ្នា​ទៅ

30 មភីបូសែត​ទូល​ឆ្លើយ​ថា ឲ្យ​គេ​យក​ទាំង​អស់​ទៅ​ចុះ ពី​ព្រោះ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ បាន​វិល​មក​ឯ​ដំណាក់ ដោយ​សុខ‌សាន្ត​ហើយ។

31 ឯ​បារស៊ី‌ឡាយ ជា​ពួក​កាឡាត លោក​ចុះ​ពី​ក្រុង​រ៉ូគី‌លីម មក​ឆ្លង​ទន្លេ​យ័រដាន់ ដើម្បី​នឹង​ជូន​ស្តេច​ទៅ​ត្រើយ​ម្ខាង​ដែរ

32 លោក​ជា​មនុស្ស​មាន​វ័យ​កន្លង​ហើយ មាន​អាយុ​៨០​ឆ្នាំ​គត់ លោក​បាន​ផ្គត់‌ផ្គង់​ស្បៀង​អាហារ​ថ្វាយ​ស្តេច ក្នុង​កាល​ដែល​ទ្រង់​គង់​នៅ​ស្រុក​ម៉ាហា‌ណែម ដ្បិត​លោក​ជា​អ្នក​មាន​ស្តុក