២ សាំយូអែល 19:5-11 KHOV

5 គ្រា​នោះ យ៉ូអាប់​មក​ឯ​ស្តេច នៅ​ក្នុង​ព្រះ‌រាជ​មន្ទីរ​ទូល​ថា នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​ធ្វើ​ឲ្យ​ពួក​ប្រជា‌ជន​ទាំង‌ឡាយ ដែល​ជា​ពួក​អ្នក​បំរើ​ទ្រង់​មាន​សេចក្តី​ខ្មាស គឺ​ជា​ពួក​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ដល់​ព្រះ‌ជន្ម​ព្រះ‌ករុណា និង​ព្រះ‌រាជ​បុត្រា បុត្រី ពួក​ភរិយា ហើយ​នឹង​ពួក​អ្នក‌ម្នាង របស់​ព្រះ‌ករុណា​នៅ​ថ្ងៃ​នេះ​ផង

6 ដោយ​ស្រឡាញ់​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់ ហើយ​ក៏​ស្អប់​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ទ្រង់​វិញ ដ្បិត​នៅ​ថ្ងៃ​នេះ ព្រះ‌ករុណា​បាន​សំដែង​ថា ទ្រង់​មិន​រាប់‌អាន​ដល់​ទាំង​ពួក​អ្នក​ធំ​តូច​ផង ហើយ​នៅ​ថ្ងៃ​នេះ ទូល‌បង្គំ​ក៏​យល់​ឃើញ​ថា បើ​អាប់‌សា‌ឡំម​នៅ​រស់​នៅ​ឡើយ ហើយ​យើង​ខ្ញុំ​ទាំង​អស់​គ្នា​បាន​ស្លាប់​ទៅ នោះ​នឹង​បាន​ជា​ទី​ពេញ​ដល់​ព្រះ‌ហឫ‌ទ័យ​ទ្រង់​ណាស់

7 ដូច្នេះ សូម​ព្រះ‌ករុណា​ក្រោក​ឡើង យាង​ចេញ​ទៅ​មាន​ព្រះ‌បន្ទូល​ឲ្យ​ពួក​អ្នក​បំរើ​ទ្រង់​ក្សាន្ត​ចិត្ត​ឥឡូវ​ចុះ ដ្បិត​ទូល‌បង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ថា បើ​សិន​ជា​ទ្រង់​មិន​ធ្វើ​ដូច្នោះ​ទេ នោះ​នឹង​គ្មាន​អ្នក​ណា​មួយ នៅ​ជា​មួយ​នឹង​ទ្រង់ នៅ​យប់​នេះ​ឡើយ យ៉ាង​នោះ​នឹង​បាន​អាក្រក់​ដល់​ព្រះ‌ករុណា លើស​ជាង​អស់​ទាំង​ការ​អាក្រក់​ដែល​កើត​ដល់​ទ្រង់ តាំង​ពី​កុមារ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ទៅ​ទៀត

8 ដូច្នេះ ស្តេច​ទ្រង់​ក៏​ក្រោក​ឡើង យាង​ចេញ​ទៅ​គង់​នៅ​មាត់​ទ្វារ​ក្រុង ហើយ​មាន​គេ​ទៅ​ប្រកាស​ដល់​បណ្តា‌ជន​ទាំង‌ឡាយ​ថា មើល​ស្តេច​ទ្រង់​កំពុង​តែ​គង់​នៅ​មាត់​ទ្វារ នោះ​ពួក​បណ្តា‌ជន​ទាំង‌ឡាយ ក៏​មក​គាល់​នៅ​ចំពោះ​ស្តេច។

9 រីឯ​ពួក​អ៊ីស្រា‌អែល គេ​បាន​រត់​ទៅ​ឯ​ទី​លំនៅ​របស់​គេ​រៀង​ខ្លួន ហើយ​បណ្តា‌ជន​ទាំង‌ឡាយ​ក៏​កើត​វិវាទ​គ្នា នៅ​ពេញ​ក្នុង​ពូជ​អំបូរ​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់​ថា ស្តេច​ទ្រង់​បាន​ជួយ​ឲ្យ​យើង​រួច​ពី​កណ្តាប់​ដៃ​របស់​ពួក​ខ្មាំង​សត្រូវ​យើង ក៏​បាន​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​កណ្តាប់​ដៃ​ពួក​ភីលីស្ទីន​ដែរ ឥឡូវ​នេះ ទ្រង់​បាន​រត់​ពី​មុខ​អាប់‌សា‌ឡំម ចេញ​ពី​នគរ​ទៅ

10 ឯ​អាប់‌សា‌ឡំម ដែល​យើង​បាន​ចាក់​ប្រេង​តាំង​ឲ្យ​សោយ‌រាជ្យ​លើ​យើង នោះ​បាន​សុគត​ក្នុង​សង្គ្រាម​ហើយ ដូច្នេះ ហេតុ​អ្វី​បាន​ជា​នៅ​ស្ងៀម មិន​ទៅ​នាំ​ស្តេច​ត្រឡប់​មក​វិញ។

11 ចំណែក​ស្តេច​ដាវីឌ ទ្រង់​ចាត់​គេ​ទៅ​ឯ​សាដុក និង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ ដោយ​ព្រះ‌បន្ទូល​ថា ចូរ​សួរ​ដល់​ពួក​ចាស់‌ទុំ​នៃ​ពួក​យូដា​ថា ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​យឺត‌យូរ​ជាង​គេ ក្នុង​ការ​អញ្ជើញ​ស្តេច​មក​ក្នុង​ដំណាក់​វិញ​ដូច្នេះ ដ្បិត​សូរ‌សព្ទ ដែល​ពួក​អ៊ីស្រា‌អែល​កំពុង​តែ​និយាយ​គ្នា​នោះ បាន​ឮ​ទៅ​ដល់​ស្តេច​នៅ​ឯ​ព្រះ‌រាជ​មន្ទីរ​ហើយ