7 ដូច្នេះ សូមព្រះករុណាក្រោកឡើង យាងចេញទៅមានព្រះបន្ទូលឲ្យពួកអ្នកបំរើទ្រង់ក្សាន្តចិត្តឥឡូវចុះ ដ្បិតទូលបង្គំស្បថដោយនូវព្រះយេហូវ៉ាថា បើសិនជាទ្រង់មិនធ្វើដូច្នោះទេ នោះនឹងគ្មានអ្នកណាមួយ នៅជាមួយនឹងទ្រង់ នៅយប់នេះឡើយ យ៉ាងនោះនឹងបានអាក្រក់ដល់ព្រះករុណា លើសជាងអស់ទាំងការអាក្រក់ដែលកើតដល់ទ្រង់ តាំងពីកុមារ ដរាបដល់សព្វថ្ងៃនេះទៅទៀត
8 ដូច្នេះ ស្តេចទ្រង់ក៏ក្រោកឡើង យាងចេញទៅគង់នៅមាត់ទ្វារក្រុង ហើយមានគេទៅប្រកាសដល់បណ្តាជនទាំងឡាយថា មើលស្តេចទ្រង់កំពុងតែគង់នៅមាត់ទ្វារ នោះពួកបណ្តាជនទាំងឡាយ ក៏មកគាល់នៅចំពោះស្តេច។
9 រីឯពួកអ៊ីស្រាអែល គេបានរត់ទៅឯទីលំនៅរបស់គេរៀងខ្លួន ហើយបណ្តាជនទាំងឡាយក៏កើតវិវាទគ្នា នៅពេញក្នុងពូជអំបូរសាសន៍អ៊ីស្រាអែលទាំងអស់ថា ស្តេចទ្រង់បានជួយឲ្យយើងរួចពីកណ្តាប់ដៃរបស់ពួកខ្មាំងសត្រូវយើង ក៏បានជួយសង្គ្រោះឲ្យរួចពីកណ្តាប់ដៃពួកភីលីស្ទីនដែរ ឥឡូវនេះ ទ្រង់បានរត់ពីមុខអាប់សាឡំម ចេញពីនគរទៅ
10 ឯអាប់សាឡំម ដែលយើងបានចាក់ប្រេងតាំងឲ្យសោយរាជ្យលើយើង នោះបានសុគតក្នុងសង្គ្រាមហើយ ដូច្នេះ ហេតុអ្វីបានជានៅស្ងៀម មិនទៅនាំស្តេចត្រឡប់មកវិញ។
11 ចំណែកស្តេចដាវីឌ ទ្រង់ចាត់គេទៅឯសាដុក និងអ័បៀថើរដ៏ជាសង្ឃ ដោយព្រះបន្ទូលថា ចូរសួរដល់ពួកចាស់ទុំនៃពួកយូដាថា ហេតុអ្វីបានជាអ្នករាល់គ្នាយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកក្នុងដំណាក់វិញដូច្នេះ ដ្បិតសូរសព្ទ ដែលពួកអ៊ីស្រាអែលកំពុងតែនិយាយគ្នានោះ បានឮទៅដល់ស្តេចនៅឯព្រះរាជមន្ទីរហើយ
12 អ្នករាល់គ្នាជាពួកញាតិ ហើយជាសាច់ឈាមនឹងយើងផង ហេតុអ្វីបានជានៅយឺតយូរជាងគេ ក្នុងការអញ្ជើញស្តេចមកវិញដូច្នេះ
13 មួយទៀតត្រូវប្រាប់ដល់អ័ម៉ាសាថា តើអ្នកមិនមែនជាសាច់ឈាមនឹងយើងទេឬអី បើយើងមិនបានលើកអ្នកឡើង ឲ្យធ្វើជាមេទ័ពជំនួយយ៉ូអាប់ នៅមុខយើងជាដរាបទៅទេ នោះសូមឲ្យព្រះធ្វើទោសដល់យើង ហើយលើសទៅទៀតផង