21 ដូច្នេះ អ័ប៊ីនើរប្រាប់គាត់ថា ចូរឯងបែរទៅខាងស្តាំ ឬខាងឆ្វេង ដើម្បីនឹងចាប់កំឡោះណាម្នាក់ ហើយយកគ្រឿងសស្ត្រាវុធរបស់គេវិញ តែអេសាអែលចេះតែដេញតាមលោកទៅ មិនព្រមបែរចេញឡើយ
22 អ័ប៊ីនើរក៏ប្រាប់ទៅអេសាអែលម្តងទៀតថា ចូរឯងបែរចេញលែងតាមអញទៅ ត្រូវឲ្យអញវាយឯងឲ្យដួលដល់ដីធ្វើអី បើដូច្នោះធ្វើដូចម្តេចឲ្យអញបានងើបមុខនៅចំពោះយ៉ូអាប់ ជាបងឯងបាន
23 ប៉ុន្តែ គាត់មិនព្រមបែរចេញសោះឡើយ បានជាអ័ប៊ីនើរកាន់លំពែងបុះទៅក្រោយ ត្រូវត្រង់ពោះគាត់ ដោយចុងដងលំពែង ធ្លុះចេញមកក្រោយ ហើយគាត់ដួលស្លាប់នៅទីនោះឯង ឯអស់អ្នកដែលមកតាមក្រោយ ដល់កន្លែងអេសាអែលដួលស្លាប់នោះ គេក៏ឈប់នៅ។
24 យ៉ូអាប់ និងអ័ប៊ីសាយ គេចេះតែដេញតាមអ័ប៊ីនើរទៅ កាលគេមកដល់ភ្នំអាំម៉ា ដែលនៅប្រទល់មុខនឹងគីយ៉ា តាមផ្លូវកាត់ទីរហោស្ថានគីបៀន នោះថ្ងៃក៏លិច
25 ចំណែកពួកខាងបេនយ៉ាមីន គេមូលផ្តុំគ្នាជាពួក១នឹងអ័ប៊ីនើរ ក៏ឈរនៅលើកំពូលកូនភ្នំ១
26 នោះអ័ប៊ីនើរក៏ស្រែកហៅទៅយ៉ូអាប់ថា តើត្រូវឲ្យដាវស៊ីបំផ្លាញជារៀងរាបដរាបឬ តើមិនដឹងទេឬអី ថាដល់ចុងបំផុតនឹងមានសេចក្តីជូរចត់ ដូច្នេះ តើចាំដល់កាលណាទៀត ទើបប្រាប់ដល់ពួកពល ឲ្យត្រឡប់វិលទៅវិញ លែងដេញតាមបងប្អូនគេនោះ
27 យ៉ូអាប់ឆ្លើយថា ខ្ញុំស្បថដោយនូវព្រះដ៏មានព្រះជន្មរស់ថា បើឯងមិនបាននិយាយទេ នោះដល់ព្រឹកឡើង គង់តែពួកពលទាំងប៉ុន្មាន បានចេញទៅលែងដេញតាមបងប្អូនគេរៀងខ្លួនហើយ