២ សាំយូអែល 2:3-9 KHOV

3 ឯ​ពួក​អ្នក​ដែល​នៅ​ជា​មួយ នោះ​លោក​ក៏​នាំ​គេ ព្រម​ទាំង​ពួក​គ្រួ​គេ​រៀង​ខ្លួន​ឡើង​ទៅ​ដែរ គេ​ក៏​តាំង​ទី​លំនៅៗ​ក្នុង​អស់​ទាំង​តំបន់​នៃ​ក្រុង​ហេប្រុន រួច​ពួក​យូដា គេ​មក​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ធ្វើ​ជា​ស្តេច លើ​ជន‌ជាតិ​របស់​ខ្លួន​នៅ​ទី​នោះ។

4 មាន​គេ​ទូល​ដល់​ដាវីឌ​ថា ពួក​ដែល​បញ្ចុះ​អដ្ឋិ​របស់​សូល នោះ​គឺ​ជា​ពួក​អ្នក​នៅ​ក្រុង​យ៉ាបេស-កាឡាត

5 នោះ​ដាវីឌ​ទ្រង់​ចាត់​សារ ឲ្យ​ទៅ​ឯ​ពួក​ក្រុង​យ៉ាបេស-កាឡាត ប្រាប់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​ចុះ ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​សំដែង​សេចក្តី​សប្បុរស​ដល់​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក ដោយ​បញ្ចុះ​អដ្ឋិ​ទ្រង់

6 ឥឡូវ​នេះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ទ្រង់​សំដែង​សេចក្តី​សប្បុរស ហើយ​នឹង​សេចក្តី​ទៀង​ត្រង់​ដល់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​សង​ដល់​អ្នក​រាល់​គ្នា ដោយ​នូវ​ការ​សប្បុរស​នោះ​ដែរ

7 ដូច្នេះ សូម​ឲ្យ​អ្នក​រាល់​គ្នា​មាន​កំឡាំង​ដៃ​ឡើង ហើយ​មាន​ចិត្ត​ក្លាហាន​ចុះ ដ្បិត​សូល ជា​ចៅ‌ហ្វាយ​នៃ​អ្នក​រាល់​គ្នា ទ្រង់​អស់​ព្រះ‌ជន្ម​ហើយ មួយ​ទៀត ពួក​ជន‌ជាតិ​យូដា បាន​ចាក់​ប្រេង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​គេ​វិញ។

8 រីឯ​អ័ប៊ី‌នើរ កូន​នើរ ជា​មេ‌ទ័ព​របស់​សូល លោក​បាន​នាំ​យក​អ៊ីស-បូសែត​ជា​បុត្រា​សូល ទៅ​ឯ​ក្រុង​ម៉ាហា‌ណែម

9 ហើយ​បាន​តាំង​ឡើង​ជា​ស្តេច​លើ​ពួក​កាឡាត ពួក​អេស៊ើរ ពួក​យេស‌រាល ពួក​អេប្រា‌អិម និង​ពួក​បេន‌យ៉ា‌មីន ហើយ​នឹង​លើ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់