14 អ្នកនោះដើរកាត់គ្រប់ទាំងខែត្រនៃពូជអំបូរអ៊ីស្រាអែលទៅ ដល់ត្រឹមក្រុងអេបិល-បេត-ម្អាកា ហើយពួកបេរី ក៏មូលគ្នាទាំងអស់ទៅតាមវាដែរ
15 ពួកខាងយ៉ូអាប់ក៏មកឡោមព័ទ្ធវា នៅក្រុងអេបិល-បេតា-ម្អាកា គេលើកដីបង្គរឡើង ធ្វើជាផ្លូវទៅដល់កំផែង ហើយពួកទ័ពក៏បុកកំផែង ដើម្បីនឹងរំលំចេញ
16 នៅគ្រានោះ មានស្រីប្រាជ្ញម្នាក់ ស្រែកមកពីក្នុងទីក្រុងថា សូមស្តាប់ៗ សូមជំរាបឲ្យយ៉ូអាប់អញ្ជើញមកជិតនេះសិន ដើម្បីឲ្យខ្ញុំបាននិយាយនឹងលោក
17 លោកក៏ចូលទៅជិតនាង រួចនាងសួរថា តើលោកឈ្មោះយ៉ូអាប់ឬអី លោកឆ្លើយថា គឺខ្ញុំនេះហើយ រួចនាងពោលថា សូមស្តាប់ពាក្យរបស់ខ្ញុំជាបាវលោកសិន លោកឆ្លើយថា ខ្ញុំកំពុងស្តាប់
18 នោះនាងនិយាយថា កាលដើមដំបូងគេធ្លាប់ពោលថា ពិតប្រាកដជាគេនឹងសួររកដំបូន្មាននៃពួកក្រុងអេបិល គឺយ៉ាងនោះដែលគេបានសំរេចការនីមួយៗ
19 ចំណែកខ្ញុំ ជាម្នាក់ក្នុងពួកដែលចង់បានសេចក្តីសុខ ហើយក៏ស្មោះត្រង់នៅស្រុកអ៊ីស្រាអែល ឯលោកវិញ លោករកបំផ្លាញទីក្រុង១ ដែលទុកដូចជាម្តាយ ក្នុងស្រុកអ៊ីស្រាអែល ហេតុអ្វីបានជាលោកចង់លេបបំបាត់មរដកនៃព្រះយេហូវ៉ាធ្វើអី
20 នោះយ៉ូអាប់ឆ្លើយតបថា សូមឲ្យបំណងចង់លេបបំបាត់ ហើយបំផ្លាញ បាននៅឆ្ងាយពីខ្ញុំ គឺឲ្យបាននៅឆ្ងាយពីខ្ញុំពិត