២ សាំយូអែល 21:16-22 KHOV

16 ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ

17 តែ​អ័ប៊ី‌សាយ ជា​កូន​សេរូយ៉ា បាន​មក​ការ‌ពារ​ជំនួស​ទ្រង់ ក៏​កាប់​សំឡាប់​សាសន៍​ភីលីស្ទីន​នោះ​ទៅ ដូច្នេះ ពួក​ទ័ព​របស់​ដាវីឌ​បាន​ស្បថ​នឹង​ទ្រង់​ថា ទ្រង់​មិន​ត្រូវ​ចេញ​ទៅ​ជា​មួយ​នឹង​យើង​ខ្ញុំ​រាល់​គ្នា ក្នុង​ទី​ចំបាំង​ទៀត​ឡើយ ក្រែង​រលត់​ពន្លឺ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទៅ។

18 ក្រោយ​នោះ​មក កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នៅ​ត្រង់​កូប នៅ​វេលា​នោះ​ស៊ីបា‌កាយ ជា​ពូជ​ហ៊ូសាយ គាត់​បាន​សំឡាប់​សាភ ជា​កូន​នៃ​អ្នក​មាន​មាឌ​ធំ​នោះ​ទៅ

19 ក៏​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន នៅ​ត្រង់​កូប​ម្តង​ទៀត ហើយ​អែល‌ហា‌ណាន ជា​កូន​យ្អារេ-អូរគីម​ពី​បេថ្លេ‌ហិម គាត់​បាន​សំឡាប់​កូលី‌យ៉ាត ក្នុង​ពួក​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ​មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ

20 នៅ​ត្រង់​ក្រុង​កាថ​ក៏​មាន​ចំបាំង​ទៀត​ដែរ នៅ​ទី​នោះ មាន​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សំបើម មាន​ម្រាម​ដៃ​៦​ទាំង​សង​ខាង ឯ​ជើង​ទាំង​សង​ខាង ក៏​មាន​ម្រាម​៦​ដែរ រួម​ទាំង​អស់​ជា​២៤ អ្នក​នោះ​ក៏​កើត​ពី​ពូជ​អ្នក​ដែល​មាន​មាឌ​ធំ​នោះ

21 កាល​វា​ប្រកួត​នឹង​សាសន៍​អ៊ីស្រា‌អែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា​នៃ​ដាវីឌ​បាន​សំឡាប់​វា​ទៅ

22 អ្នក​ទាំង​៤​នេះ​ជា​ពូជ​នៃ​អ្នក​មាន​មាឌ​ធំ​សំបើម ដែល​នៅ​ក្រុង​កាថ ហើយ​ក៏​ស្លាប់​ទៅ ដោយ​ដៃ​ដាវីឌ និង​ពួក​ទ័ព​ទ្រង់។