4 ពួកគីបៀនទូលឆ្លើយថា ឯរឿងរបស់យើងខ្ញុំ និងសូល ព្រមទាំងរាជវង្សរបស់ទ្រង់ នោះមិនមែនចំពោះមាស ឬប្រាក់ទេ ក៏មិនស្រេចឲ្យយើងខ្ញុំសំឡាប់អ្នកណាមួយក្នុងពួកអ៊ីស្រាអែលដែរ ទ្រង់មានព្រះបន្ទូលតបថា ការអ្វីដែលអ្នករាល់គ្នាថា នោះយើងនឹងសំរេចឲ្យ
5 គេទូលឆ្លើយទៅស្តេចថា ឯមនុស្សនោះដែលបានពង្រឹងយើងខ្ញុំរាល់គ្នា ហើយបានបង្កើតហេតុនឹងបំផ្លាញយើងខ្ញុំ មិនឲ្យមាននៅក្នុងព្រំដែនស្រុកអ៊ីស្រាអែលណាឡើយ
6 នោះសូមប្រគល់កូនចៅ របស់អ្នកនោះ៧នាក់មកយើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំបានចងកគេ នៅចំពោះព្រះយេហូវ៉ាត្រង់គីបៀរ ជាទីក្រុងរបស់សូល ជាអ្នកដែលព្រះយេហូវ៉ាបានរើសតាំង ឯស្តេចទ្រង់មានព្រះបន្ទូលថា យើងនឹងប្រគល់ឲ្យ។
7 ស្តេចទ្រង់ប្រណីដល់មភីបូសែត ជាកូនយ៉ូណាថានដែលជាបុត្រសូល ដោយព្រោះដាវីឌ និងយ៉ូណាថាន ជាបុត្រាសូល បានស្បថគ្នានៅចំពោះព្រះយេហូវ៉ា
8 តែទ្រង់យកកូនប្រុសទាំង២របស់រីសប៉ា ជាកូនអ័យ៉ា ដែលនាងបានបង្កើតថ្វាយសូល គឺអើម៉ូនី១ មភីបូសែត១ ព្រមទាំងកូនប្រុស៥នាក់របស់នាងមីកាល ជាបុត្រីសូល ដែលនាងបានបង្កើតឲ្យអ័ទ្រីអែល ជាកូនបារស៊ីឡាយ នៅមហូឡាដែរ
9 ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្តាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំង៧នោះក៏ស្លាប់ជាមួយគ្នា គេសំឡាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចំរូត កាលទើបនឹងចាប់តាំងច្រូតស្រូវឱក។
10 ឯរីសប៉ា ជាកូនអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសំរាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចំរូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ