9 ទ្រង់ក៏ប្រគល់អ្នកទាំងនោះ ទៅក្នុងកណ្តាប់ដៃរបស់ពួកគីបៀន ហើយគេចងកនៅលើភ្នំ នៅចំពោះព្រះយេហូវ៉ាទៅ អ្នកទាំង៧នោះក៏ស្លាប់ជាមួយគ្នា គេសំឡាប់អ្នកទាំងនោះ នៅថ្ងៃដំបូងក្នុងរដូវចំរូត កាលទើបនឹងចាប់តាំងច្រូតស្រូវឱក។
10 ឯរីសប៉ា ជាកូនអ័យ៉ា នាងក៏យកសំពត់ធ្មៃក្រាលសំរាប់ខ្លួននៅលើថ្មដានោះ ចាប់តាំងពីដើមរដូវចំរូត រហូតដល់មានភ្លៀងធ្លាក់ពីលើមេឃមកលើសពទាំងនោះ នាងមិនឲ្យសត្វហើរមកទំលើសពនៅវេលាថ្ងៃ ឬសត្វព្រៃនៅវេលាយប់ឡើយ
11 មានគេមកទូលដាវីឌពីការដែលរីសប៉ា កូនអ័យ៉ា ជាអ្នកម្នាងរបស់សូលធ្វើនោះ។
12 លំដាប់នោះ ដាវីឌក៏ទៅយកអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រទ្រង់ ពីពួកយ៉ាបេស-កាឡាត ដែលគេបានលួចយកពីទីធ្លាក្រុងបេត-សាន ជាកន្លែងដែលពួកភីលីស្ទីនបានព្យួរ នៅថ្ងៃដែលគេសំឡាប់ទ្រង់ នៅភ្នំគីលបោ
13 ទ្រង់ក៏នាំយកអដ្ឋិរបស់សូល និងយ៉ូណាថានជាបុត្រាទ្រង់ ពីទីនោះមក រួចគេប្រមូលអដ្ឋិនៃពួកបុត្រដែលត្រូវចងកនោះដែរ
14 គេបញ្ចុះអដ្ឋិរបស់សូល និងយ៉ូណាថាន ជាបុត្រាទ្រង់ នៅក្នុងផ្នូររបស់គីស ជាបិតាទ្រង់ត្រង់សេឡាក្នុងស្រុកបេនយ៉ាមីន គេក៏ធ្វើសំរេចតាមគ្រប់ទាំងការ ដែលស្តេចទ្រង់បង្គាប់មក គ្រាក្រោយនោះមក ព្រះទ្រង់ប្រោសសណ្តាប់ស្តាប់សេចក្តីទូលអង្វរ របស់ស្រុកនោះវិញ។
15 នៅគ្រានោះ ពួកភីលីស្ទីនបានច្បាំងនឹងពួកអ៊ីស្រាអែល១លើកទៀត ឯដាវីឌទ្រង់ក៏ចុះទៅជាមួយនឹងពួកពលទ័ពទ្រង់ ដើម្បីតស៊ូនឹងពួកភីលីស្ទីនដែរ ទ្រង់ក៏ទន់កំឡាំងជាខ្លាំង