២ សាំយូអែល 23:17-23 KHOV

17 រួច​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​ការ​យ៉ាង​នេះ​នៅ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ កុំ​ឲ្យ​ទូល‌បង្គំ​ធ្វើ​ឡើយ តើ​គួរ​ឲ្យ​ទូល‌បង្គំ​ផឹក​ឈាម​របស់​មនុស្ស ដែល​ទៅ​ទាំង​ប្រថុយ​ជីវិត​ដូច្នេះ​ឬ​អី គឺ​ដោយ​ហេតុ​នោះ បាន​ជា​ទ្រង់​មិន​ព្រម​សោយ​ទឹក​នោះ​ទេ អ្នក​ខ្លាំង​ពូកែ​ទាំង​៣​នេះ បាន​ប្រព្រឹត្ត​យ៉ាង​ដូច្នោះ។

18 ឯ​អ័ប៊ី‌សាយ ជា​ប្អូន​យ៉ូអាប់​កូន​សេរូយ៉ា លោក​ជា​មេ​លើ​អ្នក​ទាំង​៣​នោះ លោក​បាន​លើក​លំពែង​សំឡាប់​៣០០​នាក់ ហើយ​ក៏​ល្បី​ឈ្មោះ​ក្នុង​៣​នាក់​នោះ

19 ក្នុង​បណ្តា​៣​នាក់​នោះ គេ​រាប់​អាន​លោក​ជាង​គេ បាន​ជា​លើក​លោក​ធ្វើ​ជា​មេ ប៉ុន្តែ លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ។

20 រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ

21 ហើយ​លោក​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សំឡាប់ និង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង

22 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣០​នាក់​នោះ

23 គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។