២ សាំយូអែល 23:20-26 KHOV

20 រីឯ​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា ជា​កូន​របស់​អ្នក​ខ្លាំង​ពូកែ​ម្នាក់​នៅ​កាប‌សៀល ជា​អ្នក​ដែល​បាន​ធ្វើ​ការ​មាន​ថ្វី‌ដៃ​ច្រើន លោក​បាន​សំឡាប់​កូន​ទាំង​២​របស់​អ័រាល​សាសន៍​ម៉ូអាប់​ទៅ ហើយ​ក៏​ចុះ​ទៅ​ក្នុង​រណ្តៅ​សំឡាប់​សត្វ​សិង្ហ​១​នៅ​ថ្ងៃ​មាន​ហិមៈ

21 ហើយ​លោក​សំឡាប់​សាសន៍​អេស៊ីព្ទ​ម្នាក់​ដែល​គួរ​ស្ញែង​ខ្លាច វា​កាន់​លំពែង​នៅ​ដៃ តែ​លោក​មាន​តែ​ដំបង​កាន់​ចុះ​ទៅ​ឯ​វា​ប៉ុណ្ណោះ ក៏​កន្ត្រាក់​យក​លំពែង​ពី​ដៃ​នៃ​សាសន៍​អេស៊ីព្ទ​នោះ​បាន រួច​ចាក់​សំឡាប់ និង​លំពែង​របស់​ខ្លួន​វា​នោះ​ឯង

22 គឺ​ការ​យ៉ាង​នោះ​ដែល​បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា​បាន​ធ្វើ ហើយ​ក៏​មាន​ល្បី​ឈ្មោះ​ក្នុង​ពួក​ខ្លាំង​ពូកែ​ទាំង​៣០​នាក់​នោះ

23 គេ​រាប់​អាន​លោក ជា​ជាង​មនុស្ស​៣០​នាក់ តែ​លោក​មិន​ស្មើ​នឹង​ពួក​៣​នាក់​មុន​នោះ​ទេ ដាវីឌ​ទ្រង់​តាំង​លោក​ឲ្យ​ត្រួត​លើ​ពួក​ទាហាន​រក្សា​អង្គ។

24 ឯ​អេសា‌អែល ជា​ប្អូន​យ៉ូអាប់ លោក​ជា​ម្នាក់​ក្នុង​ពួក​៣០​នាក់​នោះ​ដែរ អែល‌ហា‌ណាន ជា​កូន​ដូដូរ ពី​ក្រុង​បេថ្លេ‌ហិម

25 សាំម៉ា ជា​ពួក​ហារ៉ុឌ អេលីកា ជា​ពួក​ហារ៉ុឌ

26 ហេលែស ជា​ពួក​ប៉ាលធី អ៊ីរ៉ា ជា​កូន​អ៊ីក‌កែស ពី​ក្រុង​ត្កូអា