3 ព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់បានមានព្រះបន្ទូល គឺថ្មដានៃសាសន៍អ៊ីស្រាអែលបានមានព្រះបន្ទូលមកខ្ញុំថា អ្នកណាដែលសោយរាជ្យលើប្រជាជន នោះត្រូវតែបានសុចរិត ហើយត្រូវសោយរាជ្យ ដោយសេចក្តីកោតខ្លាចដល់ព្រះ
4 អ្នកនោះនឹងបានដូចជាពន្លឺនៅពេលព្រលឹមស្រាង កាលថ្ងៃកំពុងតែរះ ជាពេលព្រឹកមេឃស្រឡះ ដែលមានស្មៅពន្លកពីដីឡើង ដោយពន្លឺភ្លឺមកក្រោយពេលភ្លៀងធ្លាក់
5 តើវង្សខ្ញុំមិនមែនដូច្នោះ នៅចំពោះព្រះទេឬអី ដ្បិតទ្រង់បានតាំងសេចក្តីសញ្ញានឹងខ្ញុំឲ្យនៅជាប់អស់កល្បជានិច្ច ជាសេចក្តីសញ្ញាដែលមានរបៀបរៀបរយ ហើយក៏ពិតប្រាកដ ឯសេចក្តីសង្គ្រោះ និងសេចក្តីប៉ងប្រាថ្នាគ្រប់ជំពូករបស់ខ្ញុំ បានកើតអំពីនោះមក ទោះបើទ្រង់មិនទាន់ឲ្យដុះដាលឡើងក៏ដោយ
6 តែបណ្តាពួកមនុស្សអាក្រក់សុទ្ធតែដូចបន្លាដែលគេចោល ពីព្រោះនឹងចាប់កាន់ដោយដៃមិនបាន
7 មនុស្សណាដែលពាល់វា ត្រូវតែមានដែក ហើយដងលំពែងផង គេនឹងដុតវាសុសនៅទីនោះឯង។
8 នេះជាឈ្មោះពួកខ្លាំងពូកែរបស់ដាវីឌ គឺយ៉ូសែប-បាសេបែត ជាពូជតាកម៉ូនី លោកជាមេលើពួកមេទ័ព លោកបានលើកលំពែងតស៊ូ សំឡាប់មនុស្ស៨០០ក្នុងគ្រាតែ១
9 បន្ទាប់ពីលោកមក មានអេលាសារ ជាកូនដូដូរ ពូជអ័ហូអា លោកជាម្នាក់ក្នុងពួកខ្លាំងពូកែទាំង៣នាក់ ដែលនៅជាមួយនឹងដាវីឌ ក្នុងកាលដែលប្រកួតនឹងពួកភីលីស្ទីនដែលមូលគ្នាមកច្បាំង នៅវេលាដែលពួកអ៊ីស្រាអែលឡើងទៅបាត់ហើយ