២ សាំយូអែល 24:4-10 KHOV

4 ប៉ុន្តែ ព្រះ‌បន្ទូល​នៃ​ស្តេច​បាន​ឈ្នះ​យ៉ូអាប់ ហើយ​នឹង​ពួក​មេ‌ទ័ព រួច​យ៉ូអាប់ និង​ពួក​មេ‌ទ័ព ក៏​ចេញ​ពី​ចំពោះ​ស្តេច​ទៅ ដើម្បី​រាប់​ចំនួន​ពួក​សាសន៍​អ៊ីស្រា‌អែល

5 គេ​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ដំឡើង​ត្រសាល​នៅ​ត្រង់​អារ៉ូ‌អ៊ើរ ជា​ខាង​ស្តាំ​ទី​ក្រុង​ដែល​នៅ​កណ្តាល​ច្រក​ភ្នំ ខាង​ស្រុក​កាឌ់ ជិត​យ៉ាស៊ើរ

6 រួច​គេ​ទៅ​ដល់​ស្រុក​កាឡាត និង​ស្រុក​ថាស‌ធីម-ហ៊ុតស៊ី ពី​នោះ​ក៏​ទៅ​ដល់​ដាន់-យ្អាន ហើយ​វាង​រហូត​ដល់​ស៊ីដូន

7 គេ​ទៅ​ដល់​បន្ទាយ​ក្រុង​ទីរ៉ុស ហើយ​អស់​ទាំង​ទី​ក្រុង​របស់​សាសន៍​ហេវី និង​សាសន៍​កាណាន រួច​គេ​បែរ​ទៅ​ខាង​ត្បូង​ស្រុក​យូដា​ត្រង់​បៀរ-សេបា

8 ដូច្នេះ កាល​គេ​បាន​ដើរ​ចុះ​ឡើង​ពេញ​ក្នុង​ស្រុក​ទាំង​អស់​រួច​ហើយ ដល់​ផុត​៩​ខែ​២០​ថ្ងៃ នោះ​គេ​វិល​មក​ដល់​ក្រុង​យេរូ‌សាឡិម​វិញ

9 យ៉ូអាប់​ក៏​ប្រគល់​បញ្ជី​ពួក​ជន​ទាំង‌ឡាយ​ដល់​ស្តេច ឃើញ​មាន​មនុស្ស​ខ្លាំង​ពូកែ ដែល​ចេះ​កាន់​ដាវ ក្នុង​ពួក​អ៊ីស្រា‌អែល​ចំនួន​៨​សែន​នាក់ ហើយ​ក្នុង​ពួក​យូដា​មាន​៥​សែន​នាក់។

10 ក្រោយ​ដែល​រាប់​ចំនួន​បណ្តា‌ជន​ហើយ នោះ​ដាវីឌ​មាន​ព្រះ‌ទ័យ​ឈឺ​ស្តាយ​ជា​ខ្លាំង រួច​ទ្រង់​ទូល​ទៅ​ព្រះ‌យេហូវ៉ា​ថា ទូល‌បង្គំ​បាន​ធ្វើ​បាប​យ៉ាង​ធ្ងន់​ក្នុង​ការ​ដែល​ទូល‌បង្គំ​ធ្វើ​នោះ តែ​ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​លើក​ចោល​ទោស​នៃ​ការ​អាក្រក់​របស់​ទូល‌បង្គំ ជា​បាវ​បំរើ​ទ្រង់ ដ្បិត​ទូល‌បង្គំ​បាន​ប្រព្រឹត្ត​ដោយ​ខ្លៅ​ល្ងង់