២ សាំយូអែល 3:22-28 KHOV

22 ខណៈ​នោះ យ៉ូអាប់ និង​ពួក​ពល​របស់​ដាវីឌ ត្រឡប់​មក​ពី​លុក‌លុយ​ស្រុក​ក្រៅ​វិញ ក៏​នាំ​យក​របឹប​ជា​ច្រើន​មក​ជា​មួយ​ដែរ តែ​ចំណែក​អ័ប៊ី‌នើរ​មិន​នៅ​ជា​មួយ​នឹង​ដាវីឌ​ក្នុង​ក្រុង​ហេប្រុន​ទេ ដ្បិត​ទ្រង់​បាន​ឲ្យ​លោក​ទៅ​ផុត​ហើយ លោក​ក៏​បាន​ទៅ​ដោយ​សុខ‌សាន្ត

23 កាល​យ៉ូអាប់ និង​ពួក​ពល​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​នឹង​លោក បាន​មក​ដល់​ហើយ នោះ​គេ​ជំរាប​យ៉ូអាប់​ថា អ័ប៊ី‌នើរ ជា​កូន​នើរ​បាន​ឡើង​មក​គាល់​ស្តេច ហើយ​ទ្រង់​បាន​ឲ្យ​ទៅ​វិញ​ដោយ​សុខ‌សាន្ត

24 នោះ​យ៉ូអាប់​លោក​ចូល​ទៅ​ឯ​ស្តេច ទូល​សួរ​ថា តើ​ទ្រង់​បាន​ធ្វើ​អ្វី​ដូច្នេះ មើល អ័ប៊ី‌នើរ​បាន​មក​គាល់​ទ្រង់ តើ​ហេតុ​អ្វី​បាន​ជា​ទ្រង់​ឲ្យ​ចេញ​ទៅ ហើយ​វា​ទៅ​បាត់​ដូច្នេះ

25 ទ្រង់​ស្គាល់​អ័ប៊ី‌នើរ ជា​កូន​នើរ​ហើយ ថា​វា​បាន​មក​ដើម្បី​តែ​នឹង​បញ្ឆោត​ទ្រង់​ទេ ហើយ​ឲ្យ​បាន​ដឹង​ពី​ដំណើរ​ទ្រង់​យាង​ចេញ​ចូល និង​គ្រប់​ទាំង​កិច្ច‌ការ​ដែល​ទ្រង់​ធ្វើ​ផង

26 រួច​កាល​យ៉ូអាប់​បាន​ចេញ​ពី​ចំពោះ​ដាវីឌ​ទៅ នោះ​ក៏​ចាត់​គេ​ឲ្យ​ទៅ​តាម​ហៅ​អ័ប៊ី‌នើរ​មក គេ​នាំ​លោក​ពី​ត្រង់​អណ្តូង​ស៊ីរ៉ា មក​វិញ តែ​ដាវីឌ​មិន​ជ្រាប​ទេ។

27 កាល​អ័ប៊ី‌នើរ​បាន​មក​ដល់​ក្រុង​ហេប្រុន​វិញ នោះ​យ៉ូអាប់​ក៏​នាំ​លោក ទៅ​ឯ​ទី​កណ្តាល​ទ្វារ​កំផែង​ក្រុង​ដោយ‌ឡែក ដើម្បី​មាន​ប្រសាសន៍​នឹង​លោក​ដោយ​សំងាត់ រួច​ក៏​ចាក់​លោក​ត្រង់​ពោះ​នៅ​ទី​នោះ​ឲ្យ​ស្លាប់​ទៅ ដើម្បី​សង‌សឹក​ចំពោះ​ឈាម​អេសា‌អែល ជា​ប្អូន​ខ្លួន

28 កាល​ដាវីឌ​បាន​ជ្រាប នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឯ​អញ​ហើយ​នឹង​រាជ្យ​អញ​ឥត​មាន​ទោស​ខាង​ឯ​ឈាម​អ័ប៊ី‌នើរ ជា​កូន​នើរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ដរាប​ទៅ