3 បុត្របន្ទាប់ គឺគីលាប ដែលកើតនឹងនាងអ័ប៊ីកែល ជាអ្នកស្រុកកើមែល ប្រពន្ធរបស់ខ្មោចណាបាល បុត្រទី៣ គឺអាប់សាឡំម ជាបុត្រនាងម្អាកា ដែលជាបុត្រីរបស់តាលម៉ាយ ស្តេចស្រុកកេស៊ូរី
4 បុត្រទី៤ គឺអ័ដូនីយ៉ា ជាបុត្ររបស់នាងហាគីត បុត្រទី៥ គឺសេផាធា ជាបុត្រនាងអ័ប៊ីថាល
5 បុត្រទី៦ គឺយីតរាម ដែលកើតនឹងនាងអេកឡា ភរិយារបស់ដាវីឌ បុត្រទាំងនេះបានកើតឡើងដល់ដាវីឌនៅក្រុងហេប្រុន។
6 នៅគ្រាដែលរាជវង្សសូល និងរាជវង្សដាវីឌកំពុងតែមានចំបាំងដល់គ្នា នោះអ័ប៊ីនើរក៏ចំរើនកំឡាំងខ្លួនខាងឯរាជវង្សសូល
7 រីឯសូល ទ្រង់មានអ្នកម្នាងម្នាក់ឈ្មោះរីសប៉ា ជាកូនអ័យ៉ា គ្រានោះ អ៊ីស-បូសែតមានព្រះបន្ទូលទៅអ័ប៊ីនើរថា ហេតុអ្វីបានជាអ្នកចូលទៅឯស្ត្រីអ្នកម្នាងរបស់បិតាយើងដូច្នេះ
8 នោះអ័ប៊ីនើរក៏មានសេចក្តីកំហឹងឆួលឡើង ដោយព្រោះពាក្យរបស់អ៊ីស-បូសែត ហើយទូលថា ទូលបង្គំជាក្បាលឆ្កែរបស់ផងពួកយូដាឬអី សព្វថ្ងៃនេះ ទូលបង្គំកំពុងតែសំដែងគុណ ដល់រាជវង្សរបស់សូល ជាបិតាទ្រង់ ព្រមទាំងវង្សានុវង្ស និងមិត្រសំឡាញ់ទ្រង់ផង ដោយមិនបានប្រគល់ទ្រង់ ទៅក្នុងកណ្តាប់ដៃដាវីឌឡើយ តែនៅថ្ងៃនេះ ទ្រង់ហ៊ានបន្ទោសទូលបង្គំ ពីរឿងស្រីនោះឬ
9 បើសិនជាទូលបង្គំមិនលើកដាវីឌឡើង តាមដូចជាព្រះយេហូវ៉ាបានស្បថនឹងទ្រង់ហើយ នោះសូមឲ្យព្រះធ្វើដល់អ័ប៊ីនើរខ្ញុំនេះយ៉ាងដូច្នោះ ហើយលើសទៅទៀតផង