31 គ្រានោះ ដាវីឌទ្រង់ត្រាស់បង្គាប់ដល់យ៉ូអាប់ និងបណ្តាទ័ពរាល់គ្នា ដែលនៅជាមួយនឹងលោកថា ចូរឯងរាល់គ្នាហែកសំលៀកបំពាក់ខ្លួន ហើយស្លៀកសំពត់ធ្មៃ រួចយំសោកនៅចំពោះសពអ័ប៊ីនើរទៅ ឯដាវីឌទ្រង់ក៏យាងតាមក្តារមឈូសដែរ
32 គេបញ្ចុះសពអ័ប៊ីនើរ នៅត្រង់ហេប្រុន ហើយស្តេចទ្រង់ព្រះកន្សែង នៅត្រង់ផ្នូរលោក ឯពួករាស្ត្រទាំងប៉ុន្មានក៏យំសោកដែរ
33 ទ្រង់ទួញទំនួញនឹងអ័ប៊ីនើរថា តើគួរឲ្យអ័ប៊ីនើរស្លាប់ ដូចជាមនុស្សលីលាដូច្នេះឬអី
34 ដៃឯងឥតជាប់ចំណង ហើយជើងក៏ឥតជាប់ច្រវាក់ដែរ ឯងបានដួលស្លាប់ ដូចជាមនុស្សដែលត្រូវដួលស្លាប់ ដោយសារពួកទុច្ចរិត រួចបណ្តាជនទាំងអស់គ្នា ក៏យំ និងលោកម្តងទៀត
35 នោះបណ្តាជនទាំងប៉ុន្មានក៏មូលមក ដើម្បីនឹងតឿនឲ្យដាវីឌសោយព្រះស្ងោយ ក្នុងពេលដែលនៅភ្លឺនៅឡើយ ប៉ុន្តែ ដាវីឌទ្រង់ស្បថថា បើយើងគ្រាន់តែភ្លក់អាហារ ឬអ្វីទៀតមុនដែលថ្ងៃលិច នោះសូមឲ្យព្រះទ្រង់ធ្វើដល់យើងដូច្នេះ ហើយលើសទៅទៀតផងចុះ
36 ពួកបណ្តាជនទាំងឡាយក៏ឃើញ ហើយការនោះបានពេញចិត្តដល់គេ ដូចជាគ្រប់ការទាំងអស់ដែលស្តេចធ្វើ ក៏ត្រូវចិត្តគេដែរ
37 ដូច្នេះ នៅថ្ងៃនោះបណ្តាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសំឡាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេចទេ