14 ឯបុត្រាទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតនៅក្រុងយេរូសាឡិមមាននាមដូច្នេះ គឺសាំមួរ សូបាប់ ណាថាន់ សាឡូម៉ូន
15 យីបហារ អេលីសួរ នេផេក យ៉ាភា
16 អេលីសាម៉ា អេលាដា ហើយនឹងអេលីផាលេត។
17 កាលសាសន៍ភីលីស្ទីនឮថា គេបានចាក់ប្រេងតាំងដាវីឌឡើងជាស្តេច លើសាសន៍អ៊ីស្រាអែលហើយ នោះគេលើកគ្នាទាំងអស់ ឡើងមករកដាវីឌ តែដាវីឌបានជ្រាប រួចទ្រង់យាងចុះទៅឯទីពំនួន
18 ឯពួកភីលីស្ទីនគេក៏មកដល់ ហើយរាយគ្នាពេញក្នុងវាលច្រកភ្នំរេផែម
19 នោះដាវីឌទូលសួរដល់ព្រះយេហូវ៉ាថា តើត្រូវឲ្យទូលបង្គំឡើងទៅច្បាំងនឹងពួកភីលីស្ទីនឬទេ តើទ្រង់នឹងប្រគល់គេមកក្នុងកណ្តាប់ដៃរបស់ទូលបង្គំឬអី ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា ចូរឡើងទៅចុះ ដ្បិតអញនឹងប្រគល់ពួកភីលីស្ទីនមកក្នុងដៃឯងជាពិតប្រាកដ
20 នោះដាវីឌទ្រង់យាងទៅដល់បាល-ពេរ៉ាស៊ីម ហើយក៏ប្រហារពួកគេនៅទីនោះ រួចទ្រង់មានព្រះបន្ទូលថា ព្រះយេហូវ៉ាទ្រង់បានទំលាយមកលើពួកខ្មាំងសត្រូវរបស់យើង នៅចំពោះមុខដូចជាទឹកធ្លាយទំនប់ ហេតុនោះបានជាគេហៅទីនោះឈ្មោះថា បាល-ពេរ៉ាស៊ីម