២ សាំយូអែល 5:17-23 KHOV

17 កាល​សាសន៍​ភីលីស្ទីន​ឮ​ថា គេ​បាន​ចាក់​ប្រេង​តាំង​ដាវីឌ​ឡើង​ជា​ស្តេច លើ​សាសន៍​អ៊ីស្រា‌អែល​ហើយ នោះ​គេ​លើក​គ្នា​ទាំង​អស់ ឡើង​មក​រក​ដាវីឌ តែ​ដាវីឌ​បាន​ជ្រាប រួច​ទ្រង់​យាង​ចុះ​ទៅ​ឯ​ទី​ពំនួន

18 ឯ​ពួក​ភីលីស្ទីន​គេ​ក៏​មក​ដល់ ហើយ​រាយ​គ្នា​ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម

19 នោះ​ដាវីឌ​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​ថា តើ​ត្រូវ​ឲ្យ​ទូល‌បង្គំ​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ភីលីស្ទីន​ឬ​ទេ តើ​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​ទូល‌បង្គំ​ឬ​អី ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​តប​ថា ចូរ​ឡើង​ទៅ​ចុះ ដ្បិត​អញ​នឹង​ប្រគល់​ពួក​ភីលីស្ទីន​មក​ក្នុង​ដៃ​ឯង​ជា​ពិត​ប្រាកដ

20 នោះ​ដាវីឌ​ទ្រង់​យាង​ទៅ​ដល់​បាល-ពេរ៉ា‌ស៊ីម ហើយ​ក៏​ប្រហារ​ពួក​គេ​នៅ​ទី​នោះ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ទំលាយ​មក​លើ​ពួក​ខ្មាំង​សត្រូវ​របស់​យើង នៅ​ចំពោះ​មុខ​ដូច​ជា​ទឹក​ធ្លាយ​ទំនប់ ហេតុ​នោះ​បាន​ជា​គេ​ហៅ​ទី​នោះ​ឈ្មោះ​ថា បាល-ពេរ៉ា‌ស៊ីម

21 គេ​ក៏​លះ​ចោល​អស់​ទាំង​រូប​ព្រះ​គេ​នៅ​ទី​នោះ ហើយ​ដាវីឌ និង​ពួក​ទ័ព​ទ្រង់​នាំ​យក​ទាំង​អស់​ទៅ។

22 ក្រោយ​នោះ ពួក​ភីលីស្ទីន​ក៏​ឡើង​មក​រាយ​ទ័ព​របស់​គេ ពេញ​ក្នុង​វាល​ច្រក​ភ្នំ​រេផែម​ម្តង​ទៀត

23 តែ​កាល​ដាវីឌ​បាន​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​មាន​ព្រះ‌បន្ទូល​ហាម​ថា កុំ​ឲ្យ​ឡើង​ទៅ​ឡើយ ត្រូវ​ឲ្យ​វាង​ទៅ​ពី​ខាង​ក្រោយ ហើយ​ចូល​ទៅ​ឯ​គេ​ពី​ខាង​ចំការ​មន​វិញ