3 គឺយ៉ាងនោះហើយ ដែលពួកចាស់ទុំទាំងប៉ុន្មាននៃសាសន៍អ៊ីស្រាអែល បានមកឯស្តេចនៅក្រុងហេប្រុន រួចស្តេចដាវីឌក៏តាំងសញ្ញានឹងគេ នៅចំពោះព្រះយេហូវ៉ាត្រង់ហេប្រុន ហើយគេចាក់ប្រេងតាំងដាវីឌឡើង ឲ្យធ្វើជាស្តេចលើពួកអ៊ីស្រាអែលដែរ
4 កាលដាវីឌបានទទួលគ្រងរាជ្យ នោះទ្រង់មានព្រះជន្ម៣០ឆ្នាំ ទ្រង់ក៏សោយរាជ្យបាន៤០ឆ្នាំ
5 គឺទ្រង់បានសោយរាជ្យលើពួកយូដា នៅហេប្រុនអស់៧ឆ្នាំ៦ខែ ឯនៅក្រុងយេរូសាឡិម ទ្រង់ក៏សោយរាជ្យលើពួកអ៊ីស្រាអែល និងពួកយូដាផង បាន៣៣ឆ្នាំ។
6 នៅគ្រានោះស្តេច ហើយនឹងពួកទ័ពទ្រង់ ក៏ទៅឯក្រុងយេរូសាឡិម ច្បាំងនឹងសាសន៍យេប៊ូស ដែលនៅស្រុកនោះ គេបានមើលងាយដល់ដាវីឌថា ឯងចូលមកក្នុងទីនេះមិនបានឡើយ សូម្បីតែពួកកង្វាក់ និងពួកកង្វិន ក៏អាចនឹងវាយកំចាត់ឯងបានដែរ ដោយស្មានថា ដាវីឌពុំអាចនឹងចូលបានទេ
7 ប៉ុន្តែ ដាវីឌទ្រង់ចាប់យកបានទីមាំមួនឈ្មោះស៊ីយ៉ូន (នេះហើយដែលហៅថា ទីក្រុងរបស់ដាវីឌ)
8 នៅថ្ងៃនោះ ដាវីឌបានមានព្រះបន្ទូលថា បើអ្នកណានឹងវាយពួកយេប៊ូសបាន នោះត្រូវតែឡើងតាមផ្លូវបង្ហូរទឹកទៅ ហើយវាយទាំងពួកកង្វាក់ និងពួកកង្វិននុ៎ះឯង ដែលចិត្តយើងខ្ពើមទាំងម៉្លេះ ដោយព្រោះពួកកង្វាក់ ហើយពួកកង្វិនបាននិយាយថា វាចូលមកមិនបានទេ
9 រួចទ្រង់ក៏គង់នៅក្នុងទីមាំមួននោះ ហើយបានហៅថាជាទីក្រុងដាវីឌ ទ្រង់សង់ឡើងនៅព័ទ្ធជុំវិញ ចាប់តាំងពីមីឡូរ ចូលមកខាងក្នុង