19 រួចទ្រង់ចែកនំបុ័ង១ដុំ សាច់១ដុំ និងផ្លែទំពាំងបាយជូរ១ផែន ដល់ប្រជាជនទាំងឡាយ គឺដល់ពួកសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ទាំងប្រុសទាំងស្រីផង ដូច្នេះ ប្រជាជនក៏ត្រឡប់ទៅឯលំនៅរបស់គេរៀងខ្លួនវិញ។
20 រួចហើយ ដាវីឌទ្រង់យាងត្រឡប់ទៅឯដំណាក់ ដើម្បីឲ្យពរដល់ពួកដំណាក់ទ្រង់ នោះមីកាលជាបុត្រីសូលនាងចេញមកទទួលទ្រង់ ទូលថា នៅថ្ងៃនេះ ស្តេចនៃសាសន៍អ៊ីស្រាអែល មានសេចក្តីរុងរឿងឧត្តមអីម៉្លេះទេ ដោយបានបើកឲ្យអង្គទ្រង់អាក្រាតនៅមុខពួកស្រីបំរើរបស់ពួកមហាតលិកទ្រង់នៅថ្ងៃនេះ បែបដូចជាមនុស្សចោលម្សៀតណាមួយដែលបើកឲ្យខ្លួនអាក្រាតដូច្នេះ
21 តែដាវីឌមានព្រះបន្ទូលតបថា នោះគឺនៅចំពោះព្រះយេហូវ៉ាទេ ជាព្រះដែលបានរើសអញជាជាងបិតាឯង និងវង្សានុវង្សរបស់ឯងទាំងអស់គ្នាដែរ ដើម្បីនាំតាំងអញឡើងជាស្តេចលើសាសន៍អ៊ីស្រាអែល ជារាស្ត្ររបស់ព្រះយេហូវ៉ា ហេតុដូច្នេះបានជាអញនឹងលេងសប្បាយ នៅចំពោះព្រះយេហូវ៉ា
22 ហើយនឹងចេះតែប្រព្រឹត្តអាក្រក់ជាងនោះទៅទៀត ព្រមទាំងបានទាបថោកដល់ភ្នែកខ្លួនអញផង តែចំណែកពួកបាវស្រីដែលឯងបាននិយាយនោះ គេនឹងលើកសរសើរដល់អញវិញ
23 ដូច្នេះ មីកាលជាបុត្រីសូល នាងឥតមានបុត្រឡើយ រហូតដល់អស់ជីវិត។