14 អញនឹងធ្វើជាឪពុកដល់វា ហើយវានឹងបានជាកូនដល់អញ បើកាលណាវាប្រព្រឹត្តការទុច្ចរិត នោះអញនឹងផ្ចាញ់ផ្ចាលវាដោយដំបងរបស់មនុស្ស ហើយនឹងស្នាមរំពាត់នៃពួកមនុស្សជាតិ
15 ប៉ុន្តែ សេចក្តីសប្បុរសរបស់អញ មិនដែលឃ្លាតចេញពីវា ដូចជាអញបានដកចេញពីសូល ដែលអញបានចោលពីមុខឯងចេញនោះឡើយ។
16 នោះវង្សា និងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ
17 ណាថាន់ក៏ទូលនឹងដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមករជាក់ស្តែងទាំងនោះគ្រប់ជំពូក។
18 នោះស្តេចដាវីឌទ្រង់ក៏យាងចូលទៅ គង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
19 ប៉ុន្តែ ឱព្រះអម្ចាស់យេហូវ៉ាអើយ នេះជាការយ៉ាងតូចនៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ ជាបាវបំរើទ្រង់ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះអម្ចាស់យេហូវ៉ាអើយ យ៉ាងនោះ តើត្រូវតាមរបៀបរបស់មនុស្សឬ
20 តើដាវីឌទូលបង្គំនេះ និងទូលទ្រង់បានដូចម្តេចទៅទៀត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំ ជាអ្នកបំរើទ្រង់ហើយ