17 ណាថាន់ក៏ទូលនឹងដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមករជាក់ស្តែងទាំងនោះគ្រប់ជំពូក។
18 នោះស្តេចដាវីឌទ្រង់ក៏យាងចូលទៅ គង់នៅចំពោះព្រះយេហូវ៉ា ទូលថា ឱព្រះអម្ចាស់យេហូវ៉ាអើយ ទូលបង្គំជាអ្វី ហើយពូជពង្សទូលបង្គំជាអ្វី បានជាទ្រង់ប្រោសឲ្យទូលបង្គំបានដល់ត្រឹមនេះ
19 ប៉ុន្តែ ឱព្រះអម្ចាស់យេហូវ៉ាអើយ នេះជាការយ៉ាងតូចនៅព្រះនេត្រទ្រង់ទេ បានជាទ្រង់មានព្រះបន្ទូលពីពូជពង្សនៃទូលបង្គំ ជាបាវបំរើទ្រង់ រហូតដល់យូរអង្វែងទៅមុខទៀត ឱព្រះអម្ចាស់យេហូវ៉ាអើយ យ៉ាងនោះ តើត្រូវតាមរបៀបរបស់មនុស្សឬ
20 តើដាវីឌទូលបង្គំនេះ និងទូលទ្រង់បានដូចម្តេចទៅទៀត ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ស្គាល់ទូលបង្គំ ជាអ្នកបំរើទ្រង់ហើយ
21 ទ្រង់បានធ្វើការយ៉ាងធំទាំងនេះ ឲ្យទូលបង្គំជាបាវបំរើទ្រង់បានដឹង ដោយយល់ដល់ព្រះបន្ទូលនៃទ្រង់ទេ ហើយក៏តាមព្រះហឫទ័យទ្រង់ផង
22 ដូច្នេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ ទ្រង់ធំណាស់ គ្មានណាឲ្យស្មើទ្រង់ឡើយ ហើយតាមគ្រប់ទាំងសេចក្តី ដែលត្រចៀកទូលបង្គំរាល់គ្នាបានឮ នោះក៏គ្មានព្រះឯណាក្រៅពីទ្រង់ដែរ
23 តើមានសាសន៍ឯណាមួយនៅផែនដី ឲ្យដូចអ៊ីស្រាអែលជារាស្ត្ររបស់ផងទ្រង់ ដែលព្រះបានយាងទៅ លោះចេញ ទុកជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យបានល្បីព្រះនាម ហើយនឹងប្រោសការយ៉ាងធំដល់គេ ហើយការគួរស្ញែងខ្លាចសំរាប់ស្រុកគេ នៅមុខរាស្ត្ររបស់ផងទ្រង់ ដែលទ្រង់បានលោះគេចេញពីស្រុកអេស៊ីព្ទ គឺឲ្យរួចពីសាសន៍ដទៃហើយនឹងព្រះរបស់គេផង