25 ឥឡូវនេះ ឱព្រះយេហូវ៉ាដ៏ជាព្រះអើយ សូមបញ្ជាប់ព្រះបន្ទូល ដែលទ្រង់បានមានព្រះបន្ទូលមក ពីដំណើរទូលបង្គំ ជាបាវបំរើទ្រង់ ហើយពីពូជពង្សរបស់ទូលបង្គំ ឲ្យបានជាប់ជានិច្ចតទៅមុខ សូមទ្រង់ធ្វើសំរេច ដូចជាទ្រង់បានមានព្រះបន្ទូលមកនោះចុះ
26 សូមឲ្យព្រះនាមទ្រង់បានថ្កុំថ្កើងឡើងជានិច្ច ដោយគេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល ហើយសូមឲ្យពូជពង្សរបស់ដាវីឌ ជាបាវបំរើទ្រង់ បានស្ថិតស្ថេរនៅចំពោះទ្រង់
27 ពីព្រោះ ឱព្រះយេហូវ៉ា នៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលអើយ ទ្រង់បានសំដែងឲ្យទូលបង្គំ ជាបាវបំរើទ្រង់បានដឹងហើយ ដោយព្រះបន្ទូលថា អញនឹងតាំងវង្សាឯងឡើង ហេតុដូច្នេះបានជាទូលបង្គំ ជាបាវបំរើទ្រង់ មានចិត្តក្លាហាន និងហ៊ានអធិស្ឋានពាក្យទាំងនេះ ទូលដល់ទ្រង់
28 ឥឡូវនេះ ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់ជាព្រះពិត ហើយព្រះបន្ទូលទ្រង់សុទ្ធតែពិតត្រង់ ទ្រង់បានមានព្រះបន្ទូលពីព្រះគុណនេះមកទូលបង្គំ ជាបាវបំរើទ្រង់
29 ដូច្នេះ សូមទ្រង់សព្វព្រះហឫទ័យ និងប្រទានពរ ដល់ពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ ដើម្បីឲ្យបានស្ថិតស្ថេរនៅចំពោះទ្រង់ជាដរាប ដ្បិត ឱព្រះអម្ចាស់យេហូវ៉ាអើយ ទ្រង់បានសន្យាហើយ ដូច្នេះ ដោយសារព្រះពរទ្រង់ នោះពូជពង្សរបស់ទូលបង្គំ ជាបាវបំរើទ្រង់ នឹងបានពរនៅអស់កល្បជានិច្ច។