២ សាំយូអែល 7:8-14 KHOV

8 ដូច្នេះ ចូរ​ឯង​ប្រាប់​ដាវីឌ​អ្នក​បំរើ​អញ​ឥឡូវ​ថា ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​យ៉ាង​នេះ អញ​បាន​យក​ឯង ពី​ក្រោល​ចៀម គឺ​ពី​ការ​ឃ្វាល​ហ្វូង​សត្វ​មកដើម្បី​ឲ្យ​ឯង​បាន​ធ្វើ​ជា​អ្នក​នាំ​មុខ​សាសន៍​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ

9 អញ​បាន​នៅ​ជា​មួយ​នឹង​ឯង គ្រប់​ទី​កន្លែង​ណា​ដែល​ឯង​បាន​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​ប៉ុន្មាន វិនាស​ពី​មុខ​ឯង​ចេញ អញ​បាន​លើក​ឈ្មោះ​ឯង​ឲ្យ​ជា​ធំ ស្មើ​នឹង​ឈ្មោះ​នៃ​អស់​អ្នក​ធំ​ដែល​នៅ​ផែនដី

10 អញ​បាន​ដំរូវ​ទី​កន្លែង​១ ឲ្យ​ពួក​អ៊ីស្រា‌អែល​ជា​រាស្ត្រ​អញ ហើយ​បាន​ដាំ​គេ​ឲ្យ​បាន​នៅ​ជាប់​ក្នុង​ស្រុក​របស់​គេ ឥត​រលើង​ទៅ​ឯ​ណា​ទៀត​ឡើយ ឯ​ពួក​មនុស្ស​អាក្រក់ និង​មិន​ធ្វើ​ទុក្ខ​គេ ដូច​កាល​ពី​ដើម​ទៀត

11 ឬ​ដូច​នៅ​គ្រា​ដែល​អញ​បាន​តាំង​ពួក​ចៅ‌ហ្វាយ ឲ្យ​គ្រប់‌គ្រង​លើ​អ៊ីស្រា‌អែល ជា​រាស្ត្រ​អញ​នោះ​ឡើយ អញ​បាន​ប្រោស​ឲ្យ​ឯង​បាន​សំរាក រួច​ពី​ពួក​ខ្មាំង​សត្រូវ​ឯង​ទាំង​អស់​ហើយ (យ៉ាង​នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ឲ្យ​ព្រះ‌រាជា​ជ្រាប​ថា ទ្រង់ និង​តាំង​ព្រះ‌វង្សា​ព្រះ‌ករុណា​ឡើង)

12 កាល​ណា​ឯង​បាន​រស់​នៅ​គ្រប់​កំណត់​អាយុ​ហើយ រួច​បាន​ដេក​លក់​ទៅ​ជា​មួយ​នឹង​ពួក​អយ្យកោ​ឯង នោះ​អញ​នឹង​តាំង​ពូជ‌ពង្ស​ដែល​កើត​ពី​ឯង​មក ឲ្យ​សោយ‌រាជ្យ​ឡើង​ជំនួស​ឯង ហើយ​អញ​នឹង​តាំង​រាជ្យ​វា​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង

13 គឺ​វា​ដែល​នឹង​ស្អាង​វិហារ​១​សំរាប់​ឈ្មោះ​អញ ហើយ​អញ​នឹង​តាំង​បល្ល័ង្ក​នៃ​រាជ្យ​វា ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប​ទៅ

14 អញ​នឹង​ធ្វើ​ជា​ឪពុក​ដល់​វា ហើយ​វា​នឹង​បាន​ជា​កូន​ដល់​អញ បើ​កាល​ណា​វា​ប្រព្រឹត្ត​ការ​ទុច្ចរិត នោះ​អញ​នឹង​ផ្ចាញ់‌ផ្ចាល​វា​ដោយ​ដំបង​របស់​មនុស្ស ហើយ​នឹង​ស្នាម​រំពាត់​នៃ​ពួក​មនុស្ស​ជាតិ