10 នោះក៏ចាត់យ៉ូរ៉ាម ជាបុត្រា ឲ្យទៅឯស្តេចដាវីឌ ដើម្បីនឹងទូលសួរពីសេចក្តីសុខទុក្ខ ហើយនឹងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាសប្រាក់ និងលង្ហិន មកថ្វាយដែរ
11 ឯប្រដាប់ទាំងនោះ ស្តេចដាវីឌក៏ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងមាស និងប្រាក់ទាំងប៉ុន្មាន ដែលបានចាប់យកពីអស់ទាំងសាសន៍ដែលទ្រង់បានបង្ក្រាបនោះ
12 គឺពីសាសន៍ស៊ីរី សាសន៍ម៉ូអាប់ ពួកកូនចៅអាំម៉ូន សាសន៍ភីលីស្ទីន សាសន៍អាម៉ាលេក ហើយនឹងរបឹបដែលបានយកពីហាដារេស៊ើរជាកូនរេហុប ស្តេចក្រុងសូបាផង។
13 កាលដាវីឌត្រឡប់មក ពីប្រហារសាសន៍ស៊ីរីវិញ នោះទ្រង់បានល្បីនាមឡើងទៀត ដោយបានវាយមនុស្សអស់១ម៉ឺន៨ពាន់នាក់ នៅក្នុងវាលច្រកភ្នំអំបិល
14 ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដំម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើល នៅពេញក្នុងស្រុកអេដំមនោះ ហើយពួកស្រុកអេដំមទាំងអស់ ក៏ចំណុះចំពោះដាវីឌ ព្រះយេហូវ៉ាទ្រង់ជួយការពារដាវីឌ នៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
15 ដាវីឌទ្រង់សោយរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល ហើយក៏ប្រព្រឹត្តនឹងបណ្តារាស្ត្ររបស់ទ្រង់ ដោយសុចរិតយុត្តិធម៌
16 មានយ៉ូអាប់ កូនសេរូយ៉ា ធ្វើជាអ្នកត្រួតត្រាលើពលទ័ព យេហូសាផាត កូនអ័ហ៊ីលូឌ ធ្វើជាអ្នកកត់ទុកនូវពង្សាវតារ