២ សាំយូអែល 9:1-7 KHOV

1 គ្រា​នោះ ដាវីឌ​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្តី​ករុណា​ដល់​អ្នក​នោះ ដោយ​យល់​ដល់​យ៉ូណា‌ថាន

2 រីឯ​នៅ​ក្នុង​ពួក​ដំណាក់​សូល មាន​អ្នក​បំរើ​ម្នាក់​ឈ្មោះ​ស៊ីបា គេ​ក៏​ហៅ​អ្នក​នោះ​មក​ឯ​ដាវីឌ រួច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​ឯង​ឈ្មោះ​ស៊ីបា​ឬ​អី អ្នក​នោះ​ឆ្លើយ​ថា ព្រះ‌ករុណា​វិសេស គឺ​ទូល‌បង្គំ​នេះ​ហើយ

3 នោះ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​មាន​ពូជ‌ពង្ស​របស់​សូល​ណា​មួយ​សល់​នៅ​ឬ​ទេ ដើម្បី​ឲ្យ​យើង​បាន​សំដែង​សេចក្តី​ករុណា​នៃ​ព្រះ​ដល់​អ្នក​នោះ ស៊ីបា ទូល​ឆ្លើយ​ថា នៅ​មាន​ម្នាក់​ខ្វិន​ជើង ជា​បុត្រ​នៃ​យ៉ូណា‌ថាន

4 ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​សួរ​ថា តើ​នៅ​ឯ​ណា រួច​ស៊ីបា​ទូល​តប​ថា លោក​នៅ​ឯ​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ដែល​នៅ​ក្រុង​ឡូរ-ដេបារ

5 នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​ចាត់​គេ ឲ្យ​ទៅ​នាំ​លោក​ពី​ផ្ទះ​ម៉ាគារ ជា​កូន​អាំមាល ជា​អ្នក​ដែល​នៅ​ក្រុង​ឡូរ-ដេបារ​នោះ​មក

6 ដូច្នេះ មភីបូសែត ជា​បុត្រា​នៃ​យ៉ូណា‌ថាន ដែល​ជា​បុត្រា​សូល ក៏​មក​ឯ​ដាវីឌ​ទំលាក់​ខ្លួន​ក្រាប​ចុះ​ផ្កាប់​មុខ​ថ្វាយ‌បង្គំ រួច​ដាវីឌ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មភីបូសែត​អើយ លោក​ក៏​ទូល​ឆ្លើយ​ថា បពិត្រ​ព្រះ‌ករុណា​វិសេស

7 នោះ​ដាវីឌ​មាន​ព្រះ‌បន្ទូល​ថា កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​នឹង​សំដែង​សេចក្តី​ករុណា​ដល់​អ្នក ដោយ​យល់​ដល់​យ៉ូណា‌ថាន​បិតា​អ្នក ហើយ​យើង​នឹង​ប្រគល់​អស់​ទាំង​ស្រែ​ចំការ​របស់​សូល​ជា​ជីតា​ដល់​អ្នក តែ​ឯង​ខ្លួន​អ្នក និង​បរិភោគ​នៅ​តុ​ជា​មួយ​នឹង​យើង​ជានិច្ច