11 ពួកអ្នកស្រុកកាលីឡេអើយ ហេតុអ្វីបានជាឈរងើយមើលទៅលើមេឃដូច្នេះ ព្រះយេស៊ូវនេះឯង ដែលព្រះបានលើកពីអ្នករាល់គ្នាឡើងទៅលើស្ថានសួគ៌ ទ្រង់នឹងយាងមកវិញ តាមបែបដដែល ដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ
12 ពួកអ្នកទាំងនោះក៏វិលពីភ្នំដែលហៅថា ភ្នំដើមអូលីវ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ រីឯភ្នំនោះ នៅជិតក្រុងយេរូសាឡិម ចំងាយផ្លូវដើរអស់១ថ្ងៃឈប់សំរាក11
13 កាលគេចូលទៅដល់ហើយ នោះក៏ឡើងទៅឯបន្ទប់ខាងលើ ជាលំនៅរបស់ពេត្រុស យ៉ូហាន យ៉ាកុប អនទ្រេ ភីលីព ថូម៉ាស បារថូល៉ូមេ ម៉ាថាយ យ៉ាកុប ជាកូនអាល់ផាយ ស៊ីម៉ូន ជាពួកឧស្សាហ៍ និងយូដាស ជាញាតិនឹងយ៉ាកុប
14 ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្ដីអធិស្ឋាន ជាមួយនឹងពួកស្រីៗ ព្រមទាំងម៉ារា ជាមាតាព្រះយេស៊ូវ និងបងប្អូនទ្រង់ដែរ។
15 នៅគ្រានោះ ពេត្រុសឈរឡើងកណ្តាលពួកបងប្អូន ដែលមានឈ្មោះប្រហែលជា១២០នាក់ ប្រកាសថា
16 បងប្អូនរាល់គ្នាអើយ បទគម្ពីរដែលព្រះវិញ្ញាណបរិសុទ្ធបានទាយដោយសារព្រះឱស្ឋហ្លួងដាវីឌ ពីដំណើរយូដាស ជាអ្នកដែលនាំគេទៅចាប់ព្រះយេស៊ូវ បទនោះត្រូវតែបានសំរេច
17 ដ្បិតវាបានរាប់ក្នុងពួកយើងរាល់គ្នា ហើយបានទទួល១ចំណែកក្នុងការងារនេះដែរ