23 ដូច្នេះ ពេត្រុសក៏អញ្ជើញគេចូលមកស្នាក់នៅសិន លុះដល់ស្អែក គាត់ក្រោកឡើង ទៅជាមួយនឹងគេ ហើយមានពួកបងប្អូនខ្លះ ដែលនៅយ៉ុបប៉េ ក៏ទៅជាមួយដែរ
24 ដល់ស្អែកឡើង គេចូលទៅក្នុងសេសារា ឯកូនេលាសក៏ទន្ទឹងមើលផ្លូវគេ បានទាំងប្រមូលញាតិសន្តាន និងសំឡាញ់ស្និទ្ធស្នាលរបស់លោកមកផង។
25 កាលពេត្រុសកំពុងតែចូលទៅ កូនេលាសក៏មករាក់ទាក់ទទួល ដោយក្រាបថ្វាយបង្គំនៅទៀបជើងគាត់
26 តែពេត្រុសលើកលោកឡើង ដោយពាក្យថា សូមក្រោកឡើង ខ្លួនខ្ញុំជាមនុស្សដូចគ្នាដែរ
27 នោះក៏ចូលទៅទាំងចរចាគ្នា ហើយឃើញមានមនុស្សជាច្រើនប្រជុំចាំ
28 រួចគាត់និយាយទៅគេថា អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ តែព្រះទ្រង់បានសំដែងឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ
29 ហេតុនោះបានជាកាលលោកចាត់គេឲ្យទៅហៅខ្ញុំ នោះខ្ញុំបានមកដោយឥតប្រកែកសោះ ដូច្នេះ ខ្ញុំសូមសួរលោក តើលោកឲ្យខ្ញុំមកមានការអ្វី