កិច្ចការ 11:12-18 KHOV

12 ហើយ​ព្រះ‌វិញ្ញាណ ទ្រង់​មាន​ព្រះ‌បន្ទូល​ប្រាប់​ឲ្យ​ខ្ញុំ​ទៅ​ជា​មួយ​នឹង​គេ ឥត​ប្រកាន់​ឡើយ ក៏​មាន​បង​ប្អូន​ទាំង​៦​នាក់​នេះ បាន​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ដែរ យើង​រាល់​គ្នា​បាន​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក

13 ហើយ​លោក​រ៉ាយ​រឿង​ប្រាប់​យើង ពី​ដំណើរ​ដែល​ឃើញ​ទេវតា​ឈរ​ក្នុង​ផ្ទះ ប្រាប់​លោក​ថា ចូរ​ចាត់​គេ​ឲ្យ​ទៅ​ឯ​យ៉ុបប៉េ ហៅ​ស៊ីម៉ូន ដែល​ហៅ​ថា​ពេត្រុស ឲ្យ​មក

14 គាត់​នឹង​អធិប្បាយ ឲ្យ​លោក​ស្តាប់​សេចក្ដី ដែល​នឹង​ជួយ​សង្គ្រោះ​ដល់​លោក ព្រម​ទាំង​ពួក​គ្រួ​លោក​ទាំង​អស់​ផង

15 កាល​ខ្ញុំ​ចាប់​តាំង​និយាយ​ទៅ​នោះ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ក៏​យាង​ចុះ​មក​សណ្ឋិត​លើ​គេ ដូច​ជា​បាន​សណ្ឋិត​លើ​យើង​រាល់​គ្នា​កាល​ពី​ដើម​ដែរ

16 នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»

17 ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន

18 កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។