កិច្ចការ 11:16-22 KHOV

16 នោះ​ខ្ញុំ​បាន​នឹក​ឃើញ​ពី​សេចក្ដី ដែល​ព្រះ‌អម្ចាស់​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «លោក​យ៉ូហាន​បាន​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​បុណ្យ​ជ្រមុជ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​វិញ»

17 ដូច្នេះ បើ​សិន​ជា​ព្រះ​បាន​ប្រទាន​អំណោយ​ទាន​ទៅ​គេ ដូច​ជា​បាន​ប្រទាន​មក​យើង​ដែរ ដោយ​ជឿ​ដល់​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ ចុះ​តើ​ខ្ញុំ​ជា​អ្វី​ដែល​អាច​នឹង​ឃាត់​ព្រះ​បាន

18 កាល​បាន​ឮ​សេចក្ដី​នោះ​ហើយ នោះ​គេ​បាត់​មាត់ ក៏​ត្រឡប់​ជា​សរសើរ​ដល់​ព្រះ​វិញ​ថា ដូច្នេះ ព្រះ​ទ្រង់​ក៏​ប្រោស​ប្រទាន​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​ដទៃ ឲ្យ​គេ​មាន​ជីវិត​ដែរ​ហ្ន៎។

19 រីឯ​ពួក​អ្នក​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ ដោយ​ព្រោះ​សេចក្ដី​បៀត​បៀន ដែល​កើត​មក​ពី​ដំណើរ​ស្ទេផាន នោះ​ក៏​ដើរ​រៀង​រហូត​ទៅ​ដល់​ស្រុក​ភេនីស ស្រុក​គីប្រុស និង​ក្រុង​អាន់‌ទី‌យ៉ូក តែ​បាន​ផ្សាយ​ព្រះ‌បន្ទូល ដល់​ចំពោះ​តែ​ពួក​សាសន៍​យូដា​ប៉ុណ្ណោះ​ទេ

20 ប៉ុន្តែ ក្នុង​ពួក​អ្នក​នោះ មាន​អ្នក​ខ្លះ​ពី​កោះ​គីប្រុស និង​ស្រុក​គីរេន គេ​បាន​ទៅ​ដល់​ក្រុង​អាន់‌ទី‌យ៉ូក ក៏​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌អម្ចាស់​យេស៊ូវ ដល់​ពួក​សាសន៍​ក្រេក​ដែរ

21 ព្រះ‌ហស្ត​ព្រះ‌អម្ចាស់​ក៏​នៅ​ជា​មួយ​នឹង​គេ ហើយ​មាន​មនុស្ស​ជា​ច្រើន​បែរ​មក​ឯ​ព្រះ‌អម្ចាស់​វិញ ដោយ​មាន​សេចក្ដី​ជំនឿ

22 រឿង​នោះ​បាន​ឮ​ដល់​ត្រចៀក​ពួក​ជំនុំ​នៅ​ក្រុង​យេរូ‌សាឡិម រួច​គេ​ចាត់​បា‌ណា‌បាស ឲ្យ​ទៅ​ត្រឹម​អាន់‌ទី‌យ៉ូក