11 លុះពេត្រុសដឹងខ្លួនឡើង ក៏នឹកឃើញថា ឥឡូវនេះ អញដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតានៃទ្រង់ ឲ្យមកដោះអញឲ្យរួចពីកណ្តាប់ដៃនៃស្តេចហេរ៉ូឌ ហើយពីគ្រប់ទាំងបំណង ដែលសាសន៍យូដាបានរង់ចាំដែរ
12 លុះគាត់ពិចារណាហើយ នោះក៏ទៅឯផ្ទះម៉ារា ជាម្តាយយ៉ូហាន-ម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនបានប្រជុំគ្នាអធិស្ឋាន
13 គាត់ក៏គោះទ្វារមុខ នោះមានស្រីបំរើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់
14 លុះស្គាល់សំឡេងពេត្រុសហើយ នោះនាងមានសេចក្ដីអំណរដ៏ពន្លឹក ដល់ម៉្លេះបានជាភ្លេចទាំងបើកទ្វារ រត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសឈរនៅមាត់ទ្វារ
15 តែគេស្តីថា ឯងវង្វេងហើយ តែនាងនៅតែថា ប្រាកដមែនៗ រួចគេថាជាទេវតារបស់គាត់ទេ
16 ឯពេត្រុស គាត់ចេះតែគោះទ្វារថែម កាលគេបានបើកទ្វារឃើញ នោះគេមានសេចក្ដីស្រឡាំងកាំង
17 តែគាត់ធ្វើគ្រឿងសំគាល់នឹងដៃ ឲ្យគេស្ងៀមទៅ រួចក៏រ៉ាយរឿងប្រាប់គេ ពីដំណើរដែលព្រះអម្ចាស់បាននាំគាត់ចេញពីគុកជាយ៉ាងណា ហើយគាត់ផ្តាំគេថា សូមប្រាប់រឿងនេះដល់យ៉ាកុប និងពួកបងប្អូនឲ្យដឹងផង នោះគាត់ចេញទៅឯកន្លែង១ទៀតទៅ។