កិច្ចការ 12:19-25 KHOV

19 កាល​ស្តេច​ហេរ៉ូឌ​បាន​រក​គាត់​មិន​ឃើញ នោះ​ក៏​ពិចារណា​សួរ​ពួក​អ្នក​យាម​ល្បាត ហើយ​បង្គាប់​ឲ្យ​នាំ​គេ​ទៅ​សំឡាប់​បង់ រួច​ស្តេច​ក៏​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ឯ​សេសារា គង់​នៅ​ទី​នោះ។

20 រីឯ​ស្តេច​ហេរ៉ូឌ ទ្រង់​មាន​ព្រះ‌ទ័យ​ចង​គំនុំ​នឹង​ពួក​អ្នក​នៅ​ស្រុក​ទីរ៉ុស និង​ស៊ីដូន​ជា​ខ្លាំង តែ​គេ​ស្រុះ​ចិត្ត​គ្នា​នឹង​មក​គាល់​ស្តេច លុះ​បាន​បញ្ចុះ​បញ្ចូល​ប្លាសតុស ជា​មន្ត្រី​សេវកាមាត្យ​របស់​ស្តេច​ហើយ នោះ​ក៏​សូម​ចង​ជា​ស្ពាន​មេត្រី​វិញ ពី​ព្រោះ​គេ​តែង​តែ​បាន​ស្បៀង​អាហារ ពី​ស្រុក​ស្តេច​មក

21 លុះ​ដល់​ថ្ងៃ​កំណត់ ស្តេច​ហេរ៉ូឌ​ទ្រង់​ព្រះ‌ពស្ត្រា‌រាជ្យ កំពុង​តែ​គង់​នៅ​លើ​បល្ល័ង្ក អធិប្បាយ​ឲ្យ​គេ​ស្តាប់

22 ហើយ​រាស្ត្រ​គ្រប់​គ្នា​ចេះ​តែ​បន្លឺ​វាចា​ថា នេះ​ជា​សំឡេង​ព្រះ​ទេ​វ៉ឺយ មិន​មែន​ជា​សំឡេង​មនុស្ស​ទេ

23 នោះ​ស្រាប់​តែ​ទេវតា​នៃ​ព្រះ‌អម្ចាស់​ប្រហារ​ស្តេច ឲ្យ​សុគត​ទៅ​ដោយ​ដង្កូវ​ចុះ ពី​ព្រោះ​ស្តេច​មិន​បាន​ផ្ទេរ​សេចក្ដី​សរសើរ​នោះ ថ្វាយ​ដល់​ព្រះ​វិញ។

24 ឯ​ព្រះ‌បន្ទូល ក៏​ដុះ​ដាល​ចំរើន កាន់​តែ​ច្រើន​ឡើង

25 កាល​បា‌ណា‌បាស និង​សុល បាន​ធ្វើ​ការ‌ងារ​របស់​ខ្លួន​រួច​សព្វ​គ្រប់​ហើយ នោះ​ក៏​ត្រឡប់​ពី​ក្រុង​យេរូ‌សាឡិម​មក​វិញ នាំ​ទាំង​យ៉ូហាន-ម៉ាកុស​មក​ជា​មួយ​ផង។