11 មើល ឥឡូវនេះ ព្រះហស្តនៃព្រះអម្ចាស់បានមកលើឯងហើយ ឯងនឹងត្រូវខ្វាក់ភ្នែក មើលមិនឃើញពន្លឺថ្ងៃជាយូរបន្តិច នោះស្រាប់តែភ្នែករបស់គ្រូនោះបានទៅជាព្រិលៗ ហើយងងឹតសូន្យទៅ រួចក៏ដើរវិលវល់រកអ្នកណាឲ្យដឹកដៃ
12 កាលលោកដំណាងជាតិឃើញការដែលកើតមកដូច្នោះ នោះក៏ជឿ ព្រមទាំងមានសេចក្ដីអស្ចារ្យក្នុងចិត្ត អំពីសេចក្ដីបង្រៀនរបស់ព្រះអម្ចាស់ផង។
13 ប៉ុល និងពួកគូកនគាត់ ក៏ចុះសំពៅចេញពីប៉ាផុស ទៅដល់ពើកា នៅស្រុកប៉ាមភីលា ឯយ៉ូហាន គាត់បែកពីគេ ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ
14 តែគេចេញពីពើកា ដើរកាត់ទៅឯអាន់ទីយ៉ូក នៅស្រុកពីស៊ីឌា ក៏ចូលទៅអង្គុយក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក
15 ក្រោយការដែលអានមើលក្រឹត្យវិន័យ និងគម្ពីរពួកហោរាហើយ នោះមេសាលាក៏ប្រើមនុស្ស ឲ្យទៅប្រាប់ថា បងប្អូនអើយ បើមានសេចក្ដីអ្វីនឹងទូន្មានដល់ពួកជន នោះសូមបងប្អូនមានប្រសាសន៍ចុះ។
16 លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ
17 ព្រះនៃសាសន៍អ៊ីស្រាអែលយើងនេះ ទ្រង់បានរើសពួកឰយុកោយើងរាល់គ្នា ក៏លើកដំកើងសាសន៍យើង ក្នុងកាលដែលគេអាស្រ័យនៅស្រុកអេស៊ីព្ទនៅឡើយ រួចទ្រង់នាំគេចេញពីស្រុកនោះ ដោយព្រះហស្តដ៏មានព្រះចេស្តា