កិច្ចការ 13:9-15 KHOV

9 តែ​សុល​ដែល​ហៅ​ថា ប៉ុលដែរ គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ក៏​សំឡឹង​មើល​ទៅ​គ្រូ​នោះ ដោយ​និយាយ​ថា

10 នែ មនុស្ស​ដែល​ពេញ​ដោយ​កិច្ច‌កល និង​សេចក្ដី​ល្បិច​គ្រប់​យ៉ាង ជា​កូន​នៃ​អារក្ស ហើយ​ជា​ខ្មាំង​សត្រូវ ដល់​គ្រប់​ទាំង​សេចក្ដី​សុចរិត​អើយ តើ​មិន​ព្រម​ឈប់​បង្ខូច​ផ្លូវ​ត្រង់​របស់​ព្រះ‌អម្ចាស់​ទេ​ឬ​អី

11 មើល ឥឡូវ​នេះ ព្រះ‌ហស្ត​នៃ​ព្រះ‌អម្ចាស់​បាន​មក​លើ​ឯង​ហើយ ឯង​នឹង​ត្រូវ​ខ្វាក់​ភ្នែក មើល​មិន​ឃើញ​ពន្លឺ​ថ្ងៃ​ជា​យូរ​បន្តិច នោះ​ស្រាប់​តែ​ភ្នែក​របស់​គ្រូ​នោះ​បាន​ទៅ​ជា​ព្រិលៗ ហើយ​ងងឹត​សូន្យ​ទៅ រួច​ក៏​ដើរ​វិល‌វល់​រក​អ្នក​ណា​ឲ្យ​ដឹក​ដៃ

12 កាល​លោក​ដំណាង​ជាតិ​ឃើញ​ការ​ដែល​កើត​មក​ដូច្នោះ នោះ​ក៏​ជឿ ព្រម​ទាំង​មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត អំពី​សេចក្ដី​បង្រៀន​របស់​ព្រះ‌អម្ចាស់​ផង។

13 ប៉ុល និង​ពួក​គូ‌កន​គាត់ ក៏​ចុះ​សំពៅ​ចេញ​ពី​ប៉ាផុស ទៅ​ដល់​ពើកា នៅ​ស្រុក​ប៉ាម‌ភីលា ឯ​យ៉ូហាន គាត់​បែក​ពី​គេ ត្រឡប់​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ

14 តែ​គេ​ចេញ​ពី​ពើកា ដើរ​កាត់​ទៅ​ឯ​អាន់‌ទី‌យ៉ូក នៅ​ស្រុក​ពីស៊ីឌា ក៏​ចូល​ទៅ​អង្គុយ​ក្នុង​សាលា​ប្រជុំ នៅ​ថ្ងៃ​ឈប់​សំរាក

15 ក្រោយ​ការ​ដែល​អាន​មើល​ក្រឹត្យ‌វិន័យ និង​គម្ពីរ​ពួក​ហោរា​ហើយ នោះ​មេ​សាលា​ក៏​ប្រើ​មនុស្ស ឲ្យ​ទៅ​ប្រាប់​ថា បង​ប្អូន​អើយ បើ​មាន​សេចក្ដី​អ្វី​នឹង​ទូន្មាន​ដល់​ពួក​ជន នោះ​សូម​បង​ប្អូន​មាន​ប្រសាសន៍​ចុះ។