កិច្ចការ 14:17-23 KHOV

17 ប៉ុន្តែ ទ្រង់​មិន​ដែល​លែង​មាន​ទី​បន្ទាល់ ពី​ព្រះ‌អង្គ​ទ្រង់​ទេ ដោយ​ទ្រង់​តែង​តែ​ផ្សាយ​ព្រះ‌គុណ​មក គឺ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ភ្លៀង​ធ្លាក់​ចុះ​ពី​លើ​មេឃ ឲ្យ​មាន​រដូវ​ដ៏​សំបូរ ដើម្បី​នឹង​បំពេញ​ចិត្ត​យើង ដោយ​អាហារ និង​សេចក្ដី​អំណរ

18 តែ​ដែល​គាត់​អធិប្បាយ​សេចក្ដី​ទាំង​នោះ​ដល់​គេ នោះ​ឃាត់​គេ មិន​ឲ្យ​ថ្វាយ​យញ្ញ‌បូជា​ដល់​ខ្លួន​សឹង​តែ​មិន​បាន​ផង។

19 មាន​ពួក​សាសន៍​យូដា​ខ្លះ មក​ពី​អាន់‌ទី‌យ៉ូក និង​អ៊ីកូនាម គេ​បញ្ចុះ​បញ្ចូល​ហ្វូង​មនុស្ស ឲ្យ​ចោល​ប៉ុល​នឹង​ថ្ម រួច​គេ​អូស​គាត់​ចេញ​ទៅ​ក្រៅ​ទុក​ចោល ដោយ​ស្មាន​ថា បាន​ស្លាប់​ហើយ

20 ប៉ុន្តែ ពួក​សិស្ស​មក​ចោម​ព័ទ្ធ​គាត់ រួច​គាត់​ក្រោក​ឡើង​ចូល​ទៅ​ក្នុង​ទី​ក្រុង​វិញ ហើយ​ដល់​ថ្ងៃ​ស្អែក គាត់​នឹង​បា‌ណា‌បាស ក៏​ចេញ​ទៅ​ឯ​ឌើបេ។

21 ក្រោយ​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ ហើយ​បាន​សិស្ស​ជា​ច្រើន​នៅ​ក្រុង​នោះ នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់‌ទី‌យ៉ូក​វិញ

22 ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹង‌ប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​ក្នុង​សេចក្ដី​ជំនឿ ដោយ​ពាក្យ​ថា ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន

23 កាល​បាន​រើស​ពួក​ចាស់‌ទុំ​តាំង​ឡើង​ក្នុង​គ្រប់​ទាំង​ពួក​ជំនុំ ហើយ​អធិស្ឋាន​ទាំង​តម នោះ​ក៏​ប្រគល់​គេ​ទុក​នឹង​ព្រះ‌អម្ចាស់ ដែល​គេ​បាន​ជឿ​ដល់​ទ្រង់​ហើយ