កិច្ចការ 15:15-21 KHOV

15 ហើយ​សេចក្ដី​ទំនាយ​របស់​ពួក​ហោរា ក៏​ត្រូវ​នឹង​ដំណើរ​នោះ​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា

16 «ក្រោយ​នោះ អញ​នឹង​ត្រឡប់​មក លើក​ទី​លំនៅ​របស់​ហ្លួង​ដាវីឌ ដែល​រលំ​នោះ​ឡើង អញ​នឹង​សង់​ត្រង់​កន្លែង​បាក់​បែក ហើយ​ដំឡើង​ឲ្យ​ត្រង់​ឡើង​វិញ

17 ដើម្បី​ឲ្យ​សំណល់​មនុស្ស បាន​ស្វះ‌ស្វែង​រក​ព្រះ‌អម្ចាស់ ព្រម​ទាំង​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ដែល​បាន​ហៅ​តាម​ឈ្មោះ​អញ​នោះ​ផង នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​ដែល​ធ្វើ​ការ​ទាំង​នោះ»

18 គ្រប់​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​ទ្រង់​បាន​ជ្រាប តាំង​ពី​អស់​កល្ប​រៀង​មក

19 ដូច្នេះ បើ​តាម​គំនិត​ខ្ញុំ នោះ​មិន​ត្រូវ​ធ្វើ​ឲ្យ​ពួក​សាសន៍​ដទៃ ដែល​ងាក​បែរ​មក​ឯ​ព្រះ​វិញ មាន​ចិត្ត​ខ្វល់​ឡើយ

20 គឺ​ត្រូវ​សរសេរ​ផ្ញើ​ទៅ ឲ្យ​គេ​គ្រាន់​តែ​ចៀស​វាង​ចេញ​ពី​រូប​ព្រះ ដែល​នាំ​ឲ្យ​ស្មោក‌គ្រោក​១ ពី​សេចក្ដី​កំផិត​១ ពី​សត្វ​ដែល​សំឡាប់​ដោយ​ច្របាច់​ក​១ ហើយ​ពី​ឈាម​១​ប៉ុណ្ណោះ

21 ព្រោះ​តាំង​ពី​ចាស់​បុរាណ​មក មាន​គេ​ប្រកាស​ប្រាប់​ពី​លោក​ម៉ូសេ​នៅ​គ្រប់​ទី​ក្រុង​ទាំង​អស់ ហើយ​គេ​មើល​គម្ពីរ​លោក នៅ​អស់​ទាំង​សាលា​ប្រជុំ រាល់​តែ​ថ្ងៃ​ឈប់​សំរាក​ដែរ។