17 ដើម្បីឲ្យសំណល់មនុស្ស បានស្វះស្វែងរកព្រះអម្ចាស់ ព្រមទាំងសាសន៍ដទៃទាំងប៉ុន្មាន ដែលបានហៅតាមឈ្មោះអញនោះផង នេះហើយជាព្រះបន្ទូលនៃព្រះអម្ចាស់ ជាព្រះដែលធ្វើការទាំងនោះ»
18 គ្រប់ការដែលព្រះទ្រង់ធ្វើ នោះទ្រង់បានជ្រាប តាំងពីអស់កល្បរៀងមក
19 ដូច្នេះ បើតាមគំនិតខ្ញុំ នោះមិនត្រូវធ្វើឲ្យពួកសាសន៍ដទៃ ដែលងាកបែរមកឯព្រះវិញ មានចិត្តខ្វល់ឡើយ
20 គឺត្រូវសរសេរផ្ញើទៅ ឲ្យគេគ្រាន់តែចៀសវាងចេញពីរូបព្រះ ដែលនាំឲ្យស្មោកគ្រោក១ ពីសេចក្ដីកំផិត១ ពីសត្វដែលសំឡាប់ដោយច្របាច់ក១ ហើយពីឈាម១ប៉ុណ្ណោះ
21 ព្រោះតាំងពីចាស់បុរាណមក មានគេប្រកាសប្រាប់ពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយគេមើលគម្ពីរលោក នៅអស់ទាំងសាលាប្រជុំ រាល់តែថ្ងៃឈប់សំរាកដែរ។
22 នោះពួកសាវក និងពួកចាស់ទុំ ព្រមទាំងពួកជំនុំគ្រប់គ្នាក៏យល់ព្រមថា គួរនឹងរើសយកអ្នកខ្លះក្នុងពួកគេ គឺយូដាស ដែលហៅថា បាណាបាស១ និងស៊ីឡាស១ ជាពួកអ្នកមុខក្នុងពួកជំនុំ ដើម្បីនឹងចាត់ឲ្យទៅឯអាន់ទីយ៉ូកជាមួយនឹងប៉ុល ហើយនឹងបាណាបាស
23 គេក៏ធ្វើសំបុត្រផ្ញើដោយសារអ្នកទាំងនោះ បែបដូច្នេះថា សំបុត្រយើងខ្ញុំ ជាពួកសាវក ពួកចាស់ទុំ និងពួកបងប្អូនទាំងអស់គ្នា ផ្ញើមកជំរាបសួរដល់ពួកបងប្អូនសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា ឲ្យបានជ្រាប