23 គេក៏ធ្វើសំបុត្រផ្ញើដោយសារអ្នកទាំងនោះ បែបដូច្នេះថា សំបុត្រយើងខ្ញុំ ជាពួកសាវក ពួកចាស់ទុំ និងពួកបងប្អូនទាំងអស់គ្នា ផ្ញើមកជំរាបសួរដល់ពួកបងប្អូនសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា ឲ្យបានជ្រាប
24 ដ្បិតយើងខ្ញុំបានឮថា មានអ្នកខ្លះចេញពីពួកយើងខ្ញុំមក នាំឲ្យអ្នករាល់គ្នាខ្វល់ចិត្ត ហើយឲ្យវល់គំនិត ដោយពាក្យសំដីដែលគេថា ត្រូវតែកាត់ស្បែក ហើយកាន់តាមក្រឹត្យវិន័យផង តែយើងខ្ញុំមិនបានបង្គាប់គេទេ
25 ដូច្នេះ យើងខ្ញុំបានព្រមព្រៀងគ្នាយល់ឃើញថា គួរនឹងរើសអ្នកខ្លះ ចាត់មកឯអ្នករាល់គ្នា ជាមួយនឹងបាណាបាស ហើយនឹងប៉ុល ជាសំឡាញ់ស្ងួនភ្ងានៃយើងខ្ញុំ
26 ដែលបានប្រថុយជីវិត ដោយយល់ដល់ព្រះនាមនៃព្រះអម្ចាស់យេស៊ូវគ្រីស្ទនៃយើងរាល់គ្នា
27 ដូច្នេះ យើងខ្ញុំបានចាត់យូដាស និងស៊ីឡាសមក ឲ្យជំរាបដល់អ្នករាល់គ្នាផ្ទាល់មាត់ ពីសេចក្ដីនោះឯង
28 ពីព្រោះព្រះវិញ្ញាណបរិសុទ្ធ និងយើងខ្ញុំរាល់គ្នា បានយល់ឃើញថា មិនគួរគប្បីនឹងដាក់បន្ទុកអ្វីទៀតលើអ្នករាល់គ្នា ក្រៅពីសេចក្ដីទាំងនេះដែលត្រូវតែកាន់នោះឡើយ
29 គឺឲ្យចៀសវាងចំពោះរបស់ដែលបានថ្វាយដល់រូបព្រះ១ ឈាម១ សត្វដែលសំឡាប់ដោយច្របាច់ក១ និងសេចក្ដីកំផិត១ បើអ្នករាល់គ្នាចៀសវាងពីរបស់ទាំងនេះ នោះបានល្អហើយ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខចុះ។