កិច្ចការ 16:16-22 KHOV

16 រួច​កាល​យើង​កំពុង​តែ​ទៅ​ឯ​ទី​អធិស្ឋាន នោះ​មាន​បាវ​ស្រី​ម្នាក់​មក​ជួប​នឹង​យើង នាង​នោះ​មាន​អារក្ស​ភីថង់​ចូល ក៏​បាន​ចំរើន​ឲ្យ​ចៅ‌ហ្វាយ​នាង​ជា​ច្រើន ដោយ​ការ​ទាយ

17 នាង​ដើរ​តាម​ប៉ុល និង​យើង​ខ្ញុំ ទាំង​ស្រែក​ថា អ្នក​ទាំង​នេះ​ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ដែល​ប្រាប់​យើង​ពី​ផ្លូវ​សង្គ្រោះ

18 នាង​ក៏​ធ្វើ​ដូច្នោះ​ជា​យូរ​ថ្ងៃ ទាល់​តែ​ប៉ុល​មាន​សេចក្ដី​រំខាន​ចិត្ត ហើយ​បែរ​ទៅ​និយាយ​នឹង​អារក្ស​នោះ​ថា អញ​បង្គាប់​ឯង​ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេស៊ូវ​គ្រីស្ទ ឲ្យ​ឯង​ចេញ​ពី​នាង​នេះ​ទៅ វា​ក៏​ចេញ​ទៅ​នៅ​វេលា​នោះ​ឯង

19 កាល​ពួក​ចៅ‌ហ្វាយ​របស់​នាង​ឃើញ​ថា ទី​សង្ឃឹម​ដែល​នឹង​បាន​កំរៃ បាន​បាត់​អស់​ទៅ​ហើយ នោះ​គេ​ក៏​ចាប់​ប៉ុល និង​ស៊ីឡាស ដោយ​កន្ត្រាក់‌កន្ត្រែង​នាំ​ទៅ​ឯ​ទី​ផ្សារ នៅ​ចំពោះ​មុខ​មេ​នគរ‌បាល

20 រួច​កាល​នាំ​ទៅ​ដល់​នាយក​ដំរួត​នគរ‌បាល គេ​ជំរាប​ថា ពួក​សាសន៍​យូដា​ទាំង​នេះ​នាំ​ឲ្យ​ទី​ក្រុង​យើង កើត​វឹកវរ​ជា​ខ្លាំង​ណាស់

21 គេ​ប្រកាស​ប្រាប់​ពី​ទំនៀម‌ទំលាប់ ដែល​យើង​ខ្ញុំ​ជា​សាសន៍​រ៉ូម គ្មាន​ច្បាប់​ទទួល ឬ​កាន់​តាម​ឡើយ

22 ហ្វូង​មនុស្ស​ក៏​លើក​គ្នា​ទាស់​នឹង​ប៉ុល ហើយ​នឹង​ស៊ីឡាស​ដែរ រួច​មេ​នគរ‌បាល​បាន​កន្ត្រាក់​ហែក​អាវ​គេ​ចេញ ហើយ​បង្គាប់​ឲ្យ​វាយ​នឹង​រំពាត់