កិច្ចការ 16:9-15 KHOV

9 នៅ​យប់​នោះ ប៉ុល​បាន​ឃើញ​ក្នុង​ការ​ជាក់​ស្តែង ជា​មនុស្ស​ពី​ស្រុក​ម៉ាសេដូន​ម្នាក់ ឈរ​អង្វរ​គាត់​ថា សូម​អញ្ជើញ​ឆ្លង​មក​ជួយ​យើង​ខ្ញុំ ដែល​នៅ​ស្រុក​ម៉ាសេដូន​នេះ​ផង

10 លុះ​គាត់​បាន​ឃើញ​ការ​ជាក់​ស្តែង​នោះ​រួច​ហើយ នោះ​យើងក៏​រក​ឱកាស​នឹង​ទៅ​ឯ​ស្រុក​ម៉ាសេដូន​ភ្លាម ដោយ​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​ទ្រង់​ហៅ​យើង ឲ្យ​ទៅ​ផ្សាយ​ដំណឹង​ល្អ​ដល់​គេ។

11 កាល​បាន​ចុះ​សំពៅ​ចេញ​ពី​ទ្រអាស​ទៅ នោះ​ក៏​ដំរង់​ទៅ​ឯ​កោះ​សាម៉ូ‌ត្រាស ហើយ​ថ្ងៃ​ក្រោយ​បាន​ដល់​នាប៉ូល

12 ពី​ទី​នោះ យើង​ក៏​ទៅ​ដល់​ក្រុង​ភីលីព ជា​ទី​ក្រុង​លេខ​១​ក្នុង​ដែន​ខេត្ត​ម៉ាសេដូន ដែល​ជា​ស្រុក​ចំណុះ ហើយ​យើង​សំចត​នៅ​ទី​នោះ​បាន​បួន​ដប់​ថ្ងៃ។

13 ដល់​ថ្ងៃ​ឈប់​សំរាក យើង​ដើរ​ចេញ​ពី​ទី​ក្រុង ទៅ​ឯ​មាត់​ទន្លេ ជា​កន្លែង​ដែល​គេ​ធ្លាប់​អធិស្ឋាន ក៏​អង្គុយ​និយាយ​នឹង​ពួក​ស្រីៗ ដែល​ប្រជុំ​គ្នា

14 នោះ​មាន​ស្ត្រី​ម្នាក់ ជា​អ្នក​ជំនួញ​ល័ខ​ពណ៌​ស្វាយ ឈ្មោះ​លីឌា ពី​ក្រុង​ធាទេរ៉ា ជា​អ្នក​ដែល​ថ្វាយ‌បង្គំ​ព្រះ នាង​ប្រុង​ស្តាប់ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​បើក​ចិត្ត​នាង ឲ្យ​យក​ចិត្ត​ទុក​ដាក់​តាម​សេចក្ដី ដែល​ប៉ុល​អធិប្បាយ

15 កាល​នាង​បាន​ទទួល​បុណ្យ​ជ្រមុជ‌ទឹក ព្រម​ទាំង​ពួក​គ្រួ​នាង​រួច​ហើយ នោះ​ក៏​អញ្ជើញ​យើង​ថា បើ​អស់​លោក​យល់​ឃើញ​ថា ខ្ញុំ​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់​ពិត នោះ​សូម​លោក​អញ្ជើញ​ទៅ​នៅ​ឯ​ផ្ទះ​ខ្ញុំ​កុំ​ខាន នាង​ក៏​បង្ខំ​ដល់​យើង។