21 រីឯពួកអ្នកនៅក្រុងអាថែន និងពួកអ្នកប្រទេសក្រៅដែលមកស្នាក់នៅទាំងប៉ុន្មាន គេមិនដែលបង់ពេលទំនេរនឹងធ្វើអ្វីទៀតទេ គេគិតតែពីប្រាប់ ឬស្តាប់សេចក្ដីថ្មីប៉ុណ្ណោះ។
22 ឯប៉ុល គាត់ឈរនៅកណ្តាលទីអើរីយ៉ូស សំដែងថា ឱពួកអ្នកនៅក្រុងអាថែនអើយ ក្នុងការទាំងអស់ខ្ញុំយល់ឃើញថា អ្នករាល់គ្នាឧស្សាហ៍ខ្នះខ្នែងកាន់សាសនាណាស់
23 ដ្បិតកំពុងដែលខ្ញុំដើរចុះឡើង មើលប្រដាប់ប្រដា ដែលអ្នករាល់គ្នាគោរពបូជា នោះខ្ញុំឃើញមានអាសនា១ ដែលមានចារិកថា «ព្រះដ៏ពុំស្គាល់» ដូច្នេះ ខ្ញុំនឹងប្រាប់ដល់អ្នករាល់គ្នាពីព្រះ ដែលអ្នករាល់គ្នាគោរពបូជា ដោយឥតស្គាល់នោះឯង
24 ដ្បិតព្រះដែលបង្កើតលោកីយ៍ និងរបស់សព្វសារពើ ព្រះអង្គនោះ ទ្រង់ជាព្រះអម្ចាស់នៃស្ថានសួគ៌ និងផែនដី ទ្រង់មិនគង់នៅក្នុងវិហារដែលដៃមនុស្សបានធ្វើទេ
25 ក៏មិនបាច់មានដៃមនុស្សបំរើទ្រង់ ដូចជាទ្រង់ត្រូវការអ្វីនោះផងដែរ ដ្បិតគឺទ្រង់ដែលផ្គត់ផ្គង់ដោយព្រះអង្គទ្រង់ ឲ្យគ្រប់ទាំងអស់មានជីវិត មានដង្ហើមគ្រប់ជំពូក
26 ទ្រង់បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី ព្រមទាំងសំរេចកំណត់ពេលវេលា ដែលបានតាំងជាមុន និងព្រំទីលំនៅរបស់គេគ្រប់គ្នា
27 ដើម្បីឲ្យគេស្វែងរកព្រះ ក្រែងគេនឹងរកទ្រង់ឃើញ ដោយខំរាវរកមែននោះទេដឹង ទោះបើទ្រង់មិនគង់ឆ្ងាយពីយើងនីមួយៗក៏ដោយ