11 គាត់ក៏នៅទីនោះ១ឆ្នាំ៦ខែ ព្រមទាំងបង្រៀនព្រះបន្ទូលនៅក្នុងពួកគេ។
12 កាលលោកកាលីយ៉ូ ធ្វើជាអ្នកដំណាងសាសន៍រ៉ូម នៅស្រុកអាខៃ នោះពួកសាសន៍យូដាលើកគ្នា ព្រួតទាស់នឹងប៉ុល គេចាប់នាំគាត់ទៅឯទីជំនុំក្តី ចោទថា
13 អ្នកនេះជាអ្នកបញ្ចុះបញ្ចូលមនុស្ស ឲ្យថ្វាយបង្គំព្រះខុសច្បាប់
14 តែកាលប៉ុលរៀបនឹងបើកមាត់ដោះសាខ្លួន នោះលោកកាលីយ៉ូនិយាយទៅពួកសាសន៍យូដាថា នែ ពួកសាសន៍យូដាអើយ បើសិនណាជាមានការទុច្ចរិតណា ឬទោសកំណាចអ្វីដទៃ នោះតាមទំនងខ្ញុំត្រូវតែទទួលស្តាប់អ្នករាល់គ្នា
15 ប៉ុន្តែ បើសិនជាកើតក្តីពីដំណើរពាក្យសំដី ឬពីនាមឈ្មោះ ឬពីក្រឹត្យវិន័យរបស់អ្នករាល់គ្នាវិញ នោះស្រេចនឹងអ្នករាល់គ្នាចុះ ខ្ញុំមិនចូលចិត្តនឹងជំនុំជំរះចំពោះការយ៉ាងនោះទេ
16 លោកក៏បណ្តេញគេ ចេញពីសាលាជំនុំជំរះទៅ
17 នោះគេក៏ចាប់សូស្ថេន ជាមេសាលាប្រជុំ មកវាយផ្ចាលនៅមុខសាលាជំនុំ តែលោកកាលីយ៉ូមិនរវល់សោះ។